(កំពង់ចាម)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទាំងពេញសិទ្ធិ និងបម្រុងមួយចំនួននៅតាមមូលដ្ឋាននៅខេត្តកំពង់ចាម របស់គណបក្សភ្លើងទៀន បានចេញមកលាតត្រដាង និងទម្លាយអំពើបោកប្រាស់របស់ថ្នាក់ដឹកនាំបក្សខ្លួន ជាពិសេសការដឹកនាំទាំងនោះពោពេញទៅដោយភាពមិនច្បាស់លាស់ អនាធិបតេយ្យ និងគ្មានការគ្រប់គ្រងត្រឹមត្រូវ។
បេក្ខជនទាំងនេះ បានប្រកាសដើរចេញ ដោយដោះសម្លៀកបំពាក់ចេញ និងបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យសង្គមជាតិមានការរីកចំរើន និងអភិវឌ្ឍន៍គ្រប់ទីកន្លែង។
ជាមួយគ្នានេះ ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបម្រុង សូមអំពាវនាវដល់សមាជិករបស់ខ្លួន និងប្រជាពលរដ្ឋទូទៅ ឈប់គាំទ្រគណបក្សភ្លើងទៀនតទៅទៀត ហើយងាកមកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាវិញ។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម គិតរហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បើតាមលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា មានបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបម្រុងចំនួន៥៨នាក់ នៅក្នុងនោះស្រី១៩នាក់ បានប្រកាសដើរចេញពីបក្សភ្លើងទៀន ហើយបានប្រកាសចូលរួមជីវភាពនយោបាយជាមួយប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជាក់ស្តែងលោកស្រី ទូច ផល្លា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លេខរៀងទី៩ គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានលាឈប់ពីគណបក្សភ្លើងទៀន ក្រោយដឹងខ្លួនថា ចាញ់បោកកលល្បិចមន្ត្រីគណបក្សនេះ ដោយមានដាក់រូបគាត់ជាបេក្ខជន និងមិនមានការយល់ព្រមពីលោកស្រី។
លោកស្រី ទូច ផល្លា បានបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំចង់បង្ហាញពីអារម្មណ៍ពិតដែលខ្ញុំ បានឈរឈ្មោះជាបេក្ខជនគណបក្សភ្លើងទៀន ដោយមិនបានដឹងមូលហេតុថា ពីមុនហេតុអ្វីបានជាឈរឈ្មោះជាបេក្ខជនគណបក្សភ្លើងទៀន លេង៩នោះទេ ឥឡូវនេះខ្ញុំបានលាឈប់ពីគណបក្សភ្លើងទៀនហើយ ដោយសារខ្ញុំអត់បានដឹងមុន មិនពេញចិត្តនឹងគណបក្សភ្លើងទៀនទេ ព្រោះខ្ញុំបានដឹងរឿងអីទាំងអស់ ហើយឱ្យខ្ញុំទៅឈរឈ្មោះ»។
លោកស្រី ក៏សូមសុំផ្តាំបងប្អូនទាំងអស់ថាកុំជឿ និងចាញ់បោកគណបក្សភ្លើងទៀនទេ ហើយក្រោយបានដឹងខ្លួន រូបគាត់បានទៅសុំលាឈប់ពីគណបក្សភ្លើងទៀន ព្រោះរូបគាត់មិនមានបំណងណាមួយឈរឈ្មោះជាបេក្ខជន របស់គណបក្សនេះនោះទេ។ «ខ្ញុំសុំផ្តាំផ្ញើដល់បងប្អូនទាំងអស់មក មុននឹងធ្វើអ្វីមួយត្រូវមើលឱ្យអស់ យើងកុំជឿគេ ប្រយ័ត្នចាញ់បោកគេដូចរូបនាង»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី ទូច ផល្លា។
ដោយឡែកលោក ហួង សុខ បេក្ខជនឈរឈ្មោះបោះឆ្នោតបម្រុងលេខរៀងទី៣របស់គណបក្សភ្លើងទៀន នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម រួមជាមួយសកម្មជនមួយចំនួនទៀត ក៏បានប្រកាសដើរចេញពីបក្សភ្លើងទៀន ដោយសារឆ្អែតឆ្អន់ និងអស់សង្ឃឹមជាមួយបក្សនេះតទៅទៀត។ លោក ហួង សុខ បានលើកឡើងថា សម្រាប់ការដឹកនាំប្រទេសមានតែគណបក្សប្រជាជនកម្ពុជាមួយទេ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យជាតិមានសន្តិភាព និងការរីកចម្រើនពិតប្រាកដ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនទាំងអស់ ត្រូវបញ្ឈប់ការគាំទ្រគណបក្សភ្លើងទៀនតទៅទៀត និងងាកមកគាំទ្រគណបក្សប្រជាជនវិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះបានគ្រប់ៗគ្នា។
សម្រាប់លោកស្រី ហ្វា សារី បេក្ខជនឈរឈ្មោះបោះឆ្នោតបម្រុងលេខរៀងទី១១ របស់គណបក្សភ្លើងទៀននៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក៏បង្ហាញពីការចាញ់បោកប្រាស់របស់ថ្នាក់ដឹកនាំបក្សនេះ។ លោកស្រីបានប្រកាសលែងជឿគណបក្សមួយនេះ ទៀតហើយ ដោយសារគ្មានអ្វីទុកចិត្តសោះ និងមិនមានលទ្ធផលអ្វីនោះឡើយ។ លោកស្រីសូមប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ បេក្ខជនឈរឈ្មោះបោះឆ្នោតផ្សេងទៀត ក៏បានប្រកាសដើរចេញ និងលើកឡើងពីការដឹកនាំមិនច្បាស់លាស់ និងអនាធិបតេយ្យដែលធ្វើឲ្យពួកគាត់មិនអាចរស់នៅជាមួយបក្សនេះតទៅទៀតបាន និងសូមប្រកាសចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាការលើកឡើងរបស់ក្រុមបេក្ខជន៖