(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌ និងសាសនា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សកម្មជន មកពីស្រុកចំនួន៣ជាង៦០០ និងបង្រៀនគូសសន្លឹកឆ្នោតដល់ម្ចាស់ឆ្នោត ព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិកសមាជិកា និងសកម្មជនក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែ ខេត្តត្បូងឃ្មុំ ដោយមានវត្តមានចូលផងដែរពីសំណាក់លោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគរ លោក តហ៉ើរ អូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាក្រុមជជំនួយការផ្នែកវប្បធម៌ និងសាសនា លោក ម៉ាត់ រំលី លោក ហ៊ឹម លុកម៉ាន ព្រមទាំងឥស្សរជនជាច្រើននាក់ផ្សេងទៀត។

ស្ថិតក្នុងឱកាសនេះលោក ឆាយ វណ្ណា បានផ្តាំផ្ញើ និងសួរសុខទុកពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានិច្ចកាល លោកបណ្ឌិតតែងតែគិតគូរពីសហគមន៍ឥស្លាម ដោយយកចិត្តទុកដាក់បំផុតបារម្ភពីសុខទុក្ខជាដើម។

លោក ឆាយ វណ្ណា បន្ថែមទៀតថា សន្លឹកឆ្នោតរបស់សមាជិកបក្ស និងប្រជាពលរដ្ឋដែលបោះជូនគណបក្សប្រជាជនកម្ពុជា គឺជាសន្លឹកឆ្នោតនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ខ្លួនឯង សម្រាប់សង្គម និងសម្រាប់ប្រទេសជាតិទាំងមូល ព្រមទាំងបានលើកឡើងអំពីគុណតម្លៃសន្តិភាពរបស់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ប្រទេសកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម។ ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងណាស់ដែលរស់នៅក្នុងប្រទេសដែលមានសន្តិភាព ព្រោះមានសម្ដេចតេជោជាអ្នកដឹកនាំការពារយ៉ាងរឹងមាំ។

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងបោះឆ្នាតជូនគណបក្សប្រជាជន គឺដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជារាស្ត្រ»។ លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងវិស័យនយោបាយ និងមានស្នាដៃធំធេងណាស់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា។

លោកបានរំលឹកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនគ្រប់កាល់ទេសៈ ដែលបានក្លាយជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ លោកថា គ្រាដំបូង គណបក្សនេះបានចូលរួមក្នុងចលនាទាមទារឯករាជ្យពីបារាំងជាមួយសម្ដេច ព្រះនរោត្តម សីហនុ។ ដោយសារប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម, សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមដឹកនាំតស៊ូរំដោះជាតិ និងបន្តដឹកនាំចលនាប្រយុទ្ធតស៊ូវាយរំលំរបបប្រល័យពូជសាសន៍រហូតដល់បានជ័យជម្នះនៅថ្ងៃ៧ មករា ១៩៧៩។ បន្ទាប់មកក្នុងបុព្វហេតុបង្រួបបង្រួមប្រទេសជាតិ ស្វែងរកសន្តិភាពជូនប្រជាជន ប្រទេសជាតិ ដើម្បីឱ្យខ្មែរទាំងអស់រួមគ្នាក្រោមម្លប់ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងទ័ពតែមួយ នគរបាលតែមួយ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនប្រទេសជាតិរហូតដល់សព្វថ្ងៃ។

លោកបញ្ជាក់ទៀតថា ស្នាដៃដ៏ធំធេងមួយទៀត គឺនៅឆ្នាំ២០២០ ជំងឺកូវីដ១៩ បានផ្ទុះឡើងនៅប្រទេសកម្ពុជា ពេលនោះសម្ដេចតេជោ បានខិតខំការពារអាយុជីវិតប្រជាពលរដ្ឋ ខិតខំរកជំនួយ និងចំណាយថវិកាទិញវ៉ាក់សាំង និងបរិក្ខារទប់ស្កាត់មេរោគកូវីដ ១៩ ព្រមទាំងប្រឹងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍រីករាលដាលនេះ និងឈានទៅដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងបើកប្រទេសឡើងវិញ។

តាមរយៈការដាក់ចេញនូវមាគ៌ានយោបាយ និងយុទ្ធសាស្ត្រ ដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវនេះហើយ ទើបធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំប្រទេស និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ និងកសាងសមាជិកបក្សបានជាង៥លាននាក់រហូតដល់សព្វថ្ងៃ។

លោក ឆាយ វណ្ណា ក៏បានថ្លែងទៅកាន់សមាជិក-សមាជិកាបក្សគ្រប់រូប ត្រូវមានចិត្តស្មោះត្រង់ និងគាំទ្រគណបក្សប្រកបដោយមនសិកាខ្ពស់ និងសូមចលនាប្រជាពលរដ្ឋដែលគាំទ្រគណបក្សទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។ ត្រូវប្តេជ្ញាខិតខំគ្រប់សកម្មភាពដើម្បីឱ្យគណបក្សប្រជាជនបានកាន់អំណាចជារៀងរហូត ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរៀងរហូត ហើយប្រជាពលរដ្ឋគ្រប់រូបក៏នឹងទទួលបានភាពសុខសាន្ត និងមានការរីកចម្រើនក្នុងជីវភាពរស់នៅជារៀងរហូតផងដែរ។ ដូច្នេះសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋដែលបោះជូនគណបក្សប្រជាជន គឺជាសន្លឹកឆ្នោតដែលនឹងនាំមកនូវសន្តិភាពយូរអង្វែងជូនជាតិ និងភាពសុខសាន្តជូនប្រជាជន ។

លោក ឆាយ វណ្ណា បានអំពាវនាវឲ្យសមាជិកសមាជិកា សកម្មជន យុវជនឥស្លាមគណបក្សប្រជាជនទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ហើយបានធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបានបង្រៀនគូស សន្លឹកឆ្នោតដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងការដាក់ចេញនូវយុទ្ធ សាស្ត្រនានាជូនដល់សមាជិក សមាជិកា សកម្មជន និងយុវជនឥស្លាមគណបក្សប្រជាជនកម្ពុជាក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ ជូនដល់គណបក្សប្រជា ជនកម្ពុជា៕