(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃព្រហស្បត៌ទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បេក្ខជនពេញសិទ្ធិនិងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀនចំនួន ៥៦នាក់បន្ថែមទៀត ស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ ចេញមកទម្លាយការបោកប្រាស់ និងបង្ហាញពីការដឹកនាំបែបអនាធិបតេយ្យរបស់គណបក្ស ហើយអំពាវនាវឲ្យពលរដ្ឋឈប់គាំទ្រតទៅទៀត។

ក្នុងពាក្យសុំលាលែងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២បានឲ្យដឹងថា ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ហើយពួកគាត់កំពុងតែស្វែងរកគណបក្សណាមួយដែលគាត់មានជំនឿ និងផ្ញើព្រេងវាសនាដើម្បីអនាគត។

បេក្ខជនពេញសិទ្ធិនិងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀន ដែលបានលាឈប់នេះ គឺដោយសារថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានសមត្ថភាពដឹកនាំ គ្មានបានសម្រេចកិច្ចការអ្វីបានជាដុំកំភួនឡើយ។ សមាជិក សមាជិការ គណបក្សភ្លើងទៀនទាំងអស់ដែលបានចាកចេញយល់ស្របគ្នាថា គណបក្សភ្លើងទៀនបានតែសន្យាខ្យល់ គ្មានគោលនយោបាយច្បាស់លាស់។ ចំណែកឯថ្នាក់ដឹកនាំគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកនិយម ដោយរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងផ្លាស់ប្តូរលេខរៀងបេក្ខជនតាមតែអំពើចិត្ត និងមិនព្រមស្តាប់ការផ្តល់យោបល់ពីថ្នាក់ក្រោមឡើយ។

ជាក់ស្តែង លោក វ៉េង សុខណា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៣របស់គណបក្សភ្លើងទៀនស្រុកអូរាំងឪ បានលើកឡើងថា៖ «គោលនយោបាយរបស់គណបក្សភ្លើងទៀនគ្មានភាពច្បាស់លាស់ ខ្ញុំបានផុងខ្លួនជឿជាក់លើគណបក្សមួយនេះអស់រយៈពេល១៥ឆ្នាំមកហើយ តែគណបក្សមួយនេះគ្មានប្រយោជន៏អ្វីដល់សង្គមជាតិឡើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តលាលែងពីគណបក្សភ្លើងទៀន»

បេក្ខជនពេញសិទ្ធិនិងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀន ទាំងអស់ ក៏សូមសុំផ្តាំបងប្អូនទាំងអស់ថាកុំជឿ និងចាញ់បោកគណបក្សភ្លើងទៀន ហើយក្រោយបានដឹងខ្លួន រូបគាត់បានទៅសុំលាឈប់ពីគណបក្សភ្លើងទៀន ព្រោះរូបគាត់គ្មានបំណងណាមួយឈរឈ្មោះជាបេក្ខជន របស់គណបក្សនោះទេ។ «យើងខ្ញុំសុំផ្តាំផ្ញើដល់បងប្អូនទាំងអស់ មុននឹងធ្វើអ្វីមួយត្រូវមើលឱ្យអស់ យើងកុំជឿគេ ប្រយ័ត្នចាញ់បោកគេដូចយើងខ្ញុំ»