(ព្រៃវែង)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ លោក ប៉ោ ភក្តិ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំគោកខ្ចក និងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង១១៥០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឃុំគោកខ្ចក និងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមជម្រាបថា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែប ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២ និង២០២៧។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី២១ ខែឧសភា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់ មិនអស់ឲ្យឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នា របស់ប្រជាជនសម្រេចបានសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យ។
បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការឯកភាពជាតិហើយ រួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី អភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ ដូច្នេះយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គមក៏ដូចសិទ្ធសេរីភាពក្នុងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតជាដើម៕