(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិការបស់គណបក្ស ប្រជាជនកម្ពុជា ដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំពងទឹក ដោយមានអ្នកចូលរួមជិត៣០០នាក់។
ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅក្នុងដែនរដ្ឋបាលឃុំពងទឹកយ៉ាងអធឹកអធមដោយមានរថយន្ត ១០គ្រឿង ម៉ូតូ១០០គ្រឿង មេក្រូ៣គ្រឿង និងម៉ូតូកង់បីចំនួន ៤គ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនស័ព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោ រស់ ផារិទ្ធ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។
ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូន មិត្តភត្តិ ឪពុក ម្ដាយទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់គ្នា ដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះមានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មានបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕