(កណ្តាល)៖ អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារចុះជួយស្រុកកណ្ដាលស្ទឹង និងជាប្រធានក្រុមការងារចុះជួយឃុំត្បែង នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា យុវជន និងសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងឃុំត្បែង។
ពិធីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកនេះ ត្រូវបានធ្វើឡើងយ៉ាងកងរំពង។ បន្ទាប់ពីបានជួបជុំស្តាប់នូវការថ្លែងសារ និងការណែនាំនានារបស់អ្នកឧកញ៉ាហើយនោះ ក្រុមការងារបក្សបានហែទៅតាមភូមិដោយស្រែកជយឃោស និងសារនយោបាយនានា ដើម្បីទាក់ទាញទឹកចិត្ត និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ពិលើវេទិកាបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងអំណរគុណដល់ក្រុមការងារ សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនបក្សក្នុងឃុំត្បែងទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ ក៏ដូចជាកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
អ្នកឧកញ៉ា ទ្រី ភាព បានឆ្លៀតរំលឹកពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើនកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
អ្នកឧកញ៉ា ទ្រី ភាព បានគូសរំលេចថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យសង្គមជាតិមានសមិទ្ធផលជាច្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ត្រូវបានសាងសង់ឡើងយ៉ាងព្រោងព្រាត ដើម្បីបម្រើដល់ការរស់នៅ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ អ្នកឧកញ៉ា បន្តថា ក្រោមគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបានហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការកែលំអរការផ្តល់សេវាសាធារណៈ និងការផ្តល់អំណាចកាន់តែច្រើនទៅដល់មេឃុំ ដើម្បីឱ្យពួកគាត់ផ្តល់នូវសេវាសាធារណៈកាន់តែល្អប្រសើរ និងលឿនរហ័ស។ បន្ថែមពីលើនោះ ឈរលើគោលនយោបាយអភិវឌ្ឍន៍ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទម្លាក់ថវិកាជាតិកាន់តែច្រើនដល់ឃុំ ដើម្បីរួមចំណែកការអភិវឌ្ឍនៅឃុំឱ្យកាន់តែល្អប្រសើរឆ្លើយតបនឹងសេចក្តីត្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងក្នុងឃុំត្បែងផ្លូវកៅស៊ូ ផ្លូវបេតុងជាច្រើនខ្សែត្រូវបានកសាងឡើង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យឃុំត្បែងមានការរីកចម្រើន ហើយជីវភាពក៏បានកាន់តែប្រសើរឡើងផងដែរ។
ទន្ទឹមនឹងការលើកបង្ហាញនូវសមិទ្ធផលកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល មន្ត្រី និងអាជ្ញាធរមកពីបក្សប្រជាជនកម្ពុជាហើយនោះ អ្នកឧកញ៉ា ទ្រី ភាព បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។ ហើយត្រូវបោះជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំរបស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍឃុំឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ក្នុងនាមជាប្រធានក្រុមការងារក្នុងឃុំត្បែង អ្នកឧកញ៉ា ទ្រី ភាព បានប្រកាសសន្យា និងប្តេជ្ញារួមចំណែកជួយកសាង និងអភិវឌ្ឍន៍ឃុំត្បែងឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។
ក្រុមយុវជនក្នុងឃុំត្បែង ដែលបានចូលរួមហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញនូវក្តីរីករាយចំពោះការបានចូលរួមដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេក៏បានបង្ហាញពីមូលហេតុនាំឱ្យពួកគេស្រឡាញ់ និងពេញចិត្តគណបក្សប្រជាជនកម្ពុជាផងដែរ។
បើតាមក្រុមយុវជនទាំងនេះ មូលហេតុដែលគេស្រឡាញ់ និងពេញចិត្តគណបក្សប្រជាជនកម្ពុជា ក៏ដោយសារគណបក្សនយោបាយដែលធំជាងគេនៅកម្ពុជាមួយនេះ មានថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះជាតិ និងប្រជាជន។ ជួយឱ្យជាតិរីកចម្រើន ហើយជីវភាពប្រជាពលរដ្ឋក៏កាន់តែប្រសើរ។
ពួកគេបានមើលឃើញថា ឃុំត្បែងរបស់ពួកគេមានការរីកចម្រើនច្រើនក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនោះតាមរយៈក្រុមការងាររបស់បក្សចុះជួយឃុំត្បែង ដែលមានអ្នកឧកញ៉ា ទ្រី ភាព ជាប្រធាន ក៏បានយកចិត្តទុកដាក់ និងរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ មានសាលារៀន និងទីអារាមជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ។
ពួកគេក៏បានលើកសរសើរពីការយកចិត្តទុកដាក់របស់មេឃុំមកពីគណបក្សប្រជាជនកម្ពុជា ក្នុងការផ្តល់សេវាសាធារណៈបានល្អប្រសើរ និងលឿនរហ័ស។ ក្រុមយុវជនក្នុងឃុំត្បែង មានជំនឿចិត្តថា ក្រោមការដឹកនាំរបស់មេឃុំមកពីគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យឃុំរបស់ពួកគេកាន់តែមានការរីកចម្រើន មានសមិទ្ធផលថ្មីៗ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕