(កណ្តាល)៖ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈគម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាស្រុក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សរាបពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ នៅស្រុកកណ្តាស្ទឹង ខេត្តកណ្តាល។

សូមជម្រាបថា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែប ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២ និង២០២៧។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី២១ ខែឧសភា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់ មិនអស់ឱ្យឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នា របស់ប្រជាជនសម្រេចបានសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យ។

លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការឯកភាពជាតិ ដូច្នេះត្រូវរួមសាមគ្គីគ្នា ជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថេរភាពសង្គម ក៏ដូចសិទ្ធិសេរីភាពក្នុងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិត៕