(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តក្រចេះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាគណបក្សចំនួន២០,៧១៩នាក់ អមដោយរថយន្តតូច ធំចំនួន ១,១៥៤គ្រឿង និងម៉ូតចំនួន៧,៤៤៥គ្រឿង បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តក្រចេះ។

នាឱកាសនោះដែរ លោក វ៉ា ថន បានថ្លែងថា ទៅកាន់សមាជិកគណបក្សថា ក្នុងរយៈពេល១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជន រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេសគឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជន បានណែនាំឱ្យស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

បន្ថែមពីនេះ លោកបានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក វ៉ា ថន ក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រូវត្រៀមឱ្យបានស្រេចបាច់ នូវអត្តសញ្ញាណប័ណ្ណ ឬឯកបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពិសេស គឺសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕