(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញដឹកនាំក្បួនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃការឃោសនារកសម្លេងឆ្នោតរបស់បក្សនយោបាយ។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

នៅថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕