(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា យុវជន និងសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តឧត្តរមានជ័យ។
ពិធីបិទយុទ្ធនាការឃោសនារកសំឡេងក្នុងខេត្តឧត្តរមានជ័យ ដែនដីជម្រកចុងក្រោយរបស់ខ្មែរក្រហម ត្រូវបានធ្វើឡើងយ៉ាងកងរំពង ក្រោមសម្រែកនៃការគាំទ្រដ៏ខ្លាំងក្លាជាទីបំផុត។ បន្ទាប់ពីបានជួបជុំស្តាប់នូវការថ្លែងសារ និងការណែនាំនានារបស់លោក គន់ គីម ហើយនោះ ក្រុមការងារបក្សតាមស្រុក ក្រុង និងឃុំ/សង្កាត់ទាំង២៤ ក្នុងខេត្ត ដោយស្រែកនូវជយឃោស និងសារនយោបាយនានា ដើម្បីទាក់ទាញទឹកចិត្ត និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ក្នុងកំលុងពេល១៣ថ្ងៃកន្លងទៅនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក គន់ គីម បានឈរជើងជាប់ប្រចាំនៅខេត្តឧត្តរមានជ័យ ដើម្បីគ្រប់គ្រង ដឹកនាំ និងដាក់ចេញផែនការនានា ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា។
ពិលើវេទិកាបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ លោក គន់ គីម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ ក៏ដូចជាកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ក្នុងថ្ងៃបិទយុទ្ធនាការនេះ លោក គន់ គីម ក៏បានឆ្លៀតរំលឹកពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើនកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ/ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងនោះលោក គន់ គីម បានលើកបង្ហាញថា ខេត្តឧត្តរមានជ័យ ជាទឹកដីចុងកាត់មាត់ញក ទឹកដីដែលមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ ជាពិសេសជាទឹកដីដែលរកបានសុខសន្តិភាពចុងក្រោយគេ បន្ទាប់ពីមេដឹកនាំខ្មែរក្រហមចុះចូលជាមួយរាជរដ្ឋាភិបាលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជារូបនេះ បានគូសរំលេចថា បើទោះបីខេត្តឧត្តរមានជ័យ ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ ទឹកដីទទួលបានកិច្ចអភិវឌ្ឍន៍ក្រោយគេយ៉ាងណាក្តី តែក្រោមគោលនយោបាយប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍ និងតំបន់ពាណិជ្ជកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តឧត្តរមានជ័យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។
«ទឹកដីឧត្តរមានជ័យរបស់យើងមិនខុសពីខេត្តដទៃនៅទូទាំងប្រទេសកម្ពុជានោះឡើយ បើទោះបីខេត្តយើងបិទបញ្ចប់ភ្លើងសង្គ្រាមក្រោយគេក្តី។ ក្រោមការទឹកនាំរបស់សម្តេចតេជោ ខេត្តយើងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ការធ្វើកសិកម្ម ដែលរួមចំណែកធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ»។ នេះជាការបញ្ជាក់របស់លោក គន់ គីម។
ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបាននាពេលកន្លងទៅហើយនោះ លោក គន់ គីម ក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោក គន់ គីម ក៏បានលើកបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការកែលំអរការផ្តល់សេវាសាធារណៈ និងការផ្តល់អំណាចកាន់តែច្រើនទៅដល់មេឃុំ និងចៅសង្កាត់ ដើម្បីឱ្យពួកគាត់ផ្តល់នូវសេវាសាធារណៈកាន់តែល្អប្រសើរ និងលឿនរហ័ស។ បន្ថែមពីលើនោះ ឈរលើគោលនយោបាយអភិវឌ្ឍន៍ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទម្លាក់ថវិកាជាតិកាន់តែច្រើនឡើងដល់ឃុំ/សង្កាត់ ដើម្បីរួមចំណែកការអភិវឌ្ឍនៅឃុំ/សង្កាត់ឱ្យកាន់តែល្អប្រសើរឆ្លើយតបនឹងសេចក្តីត្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក គន់ គីម បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារមូលដ្ឋានចុះខេត្តឧត្តរមានជ័យ លោក គន់ គីម បានប្រកាសសន្យា និងប្តេជ្ញាថា រូបលោកនឹងបន្តយកចិត្តទុកដាក់ ហើយជំរុញដល់មេឃុំ/ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ឱ្យចិត្តទុកដាក់ក្នុងការផ្តល់សេវា និងបម្រើប្រជាពលរដ្ឋ។ លោក គន់ គីម ក៏បានប្តេជ្ញាប្រឹងប្រែងរួមចំណែកជួយកសាង និងអភិវឌ្ឍខេត្ត និងឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕