(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បេក្ខជនពេញសិទ្ធិនិងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀនចំនួន ៦២នាក់បន្ថែមទៀត នៅស្រុកមេមត់នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ពាក្យលាលែងពីបេក្ខជនឈរឈ្មោះនិងបានសុំលាលែង ពីសមាជិកគណបក្សភ្លើងទៀត។
ក្នុងពាក្យសុំលាលែងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ហើយពួកគាត់កំពុងតែស្វែងរកគណបក្សណាមួយដែលគាត់មានជំនឿ និងផ្ញើព្រេងវាសនាដើម្បីអនាគត។
បេក្ខជនពេញសិទ្ធិនិងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀន ដែលបានលាឈប់នេះ គឺដោយសារថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានសមត្ថភាពដឹកនាំ គ្មានបានសម្រេចកិច្ចការអ្វីបានជាដុំកំភួនឡើយ។ សមាជិក សមាជិការ គណបក្សភ្លើងទៀនទាំងអស់ដែលបានចាកចេញយល់ស្របគ្នាថា គណបក្សភ្លើងទៀនបានតែសន្យាខ្យល់ គ្មានគោលនយោបាយច្បាស់លាស់។ ចំណែកឯថ្នាក់ដឹកនាំគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកនិយម ដោយរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងផ្លាស់ប្តូរលេខរៀងបេក្ខជនតាមតែអំពើចិត្ត និងមិនព្រមស្តាប់ការផ្តល់យោបល់ពីថ្នាក់ក្រោមឡើយ។
លោកង៉ែ ថន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់ បានមានប្រសាសន៏ថា៖ «គណបក្សភ្លើងទៀនបានបង្ខំអោយខ្ញុំបង់ប្រាក់ប្រចាំខែចំនួន១លានរៀលជាប្រចាំ តែគាត់គ្មានលទ្ឋភាព រួចបានបញ្ជាអោយគាត់ខ្ចីបុលគេដើម្បីបង់មួយវិញទៀតខ្យល់បក់មកដួលស្លាកគណបក្សភ្លើងទៀនបែរជាបង្ខំអោយគាត់ និយាយថាស្លាកដួលដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជាជាអ្នកធ្វើ»។
បេក្ខជនពេញសិទ្ធិនិងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀន ទាំងអស់ ក៏សូមសុំផ្តាំបងប្អូនទាំងអស់ថាកុំជឿ និងចាញ់បោកគណបក្សភ្លើងទៀន ហើយក្រោយបានដឹងខ្លួន រូបគាត់បានទៅសុំលាឈប់ពីគណបក្សភ្លើងទៀន ព្រោះរូបគាត់គ្មានបំណងណាមួយឈរឈ្មោះជាបេក្ខជន របស់គណបក្សនោះទេ។ «យើងខ្ញុំសុំផ្តាំផ្ញើដល់បងប្អូនទាំងអស់ មុននឹងធ្វើអ្វីមួយត្រូវមើលឱ្យអស់ យើងកុំជឿគេ ប្រយ័ត្នចាញ់បោកគេដូចយើងខ្ញុំ»។