(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តកំពង់ធំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិកគណបក្ស បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងខេត្តកំពង់ធំ ដោយមានអ្នកចូលរួមជាង១ម៉ឺននាក់ និងបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ការរៀបចំក្បួនដង្ហែដ៏ឱឡារិកអធិកអធម គគ្រឹកគគ្រេង និងប្រកបដោយសុភាពរាបសា តែស្វាហាប់ ក្លៀវក្លា របស់សមាជិក-សមាជិកា ក្នុងអង្គមិទ្ទិញនាឱកាសនេះ ដែលបង្ហាញកាន់តែច្បាស់ពីប្រៀបខ្លាំង ប្រៀបឈ្នះ ទាំងខាងកម្លាំង ទាំងខាងស្មារតីសតិអារម្មណ៍ របស់គណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

នាឱកាសនោះលោក ជា ចាន់តូ បានថ្លែងអំណរគុណលោក លោកស្រី សមាជិក-សមាជិកា គណបក្សទាំងអស់ ដែលបានចំណាយពេលវេលា ទាំងកម្លាំងកាយ-កម្លាំងចិត្ត ដើម្បីចុះឃោសនាជួបប្រជាពលរដ្ឋតាមភូមិ-ឃុំនានា ក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ។

លោកបានបន្ដថា «ខ្ញុំជឿជាក់ថាក្នុងពេលបំពេញយុទ្ធនាការឃោសនានេះ យើងបានអនុវត្តតាមសេចក្ដីណែនាំស្តីពីការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ប្រកបដោយជោគជ័យ និងដោយគ្មានអំពើហិង្សា ហើយខ្ញុំសង្ឃឹមថា ស្មារតីសាមគ្គីរបស់យើង នឹងនាំមកនូវជ័យជម្នះជាបន្តបន្ទាប់។ នាពេលនេះយើងរៀបចំក្បួនដង្ហែដ៏ឱឡារិកអធិក អធម គគ្រឹកគគ្រេង និងប្រកបដោយសុភាពរាបសា តែស្វាហាប់ ក្លៀវក្លា របស់សមាជិក-សមាជិកានៅក្នុងអង្គមិទ្ទិញនាឱកាសនេះ ដែលបង្ហាញកាន់តែច្បាស់ពីប្រៀបខ្លាំង ប្រៀប ឈ្នះ ទាំងខាងកម្លាំង ទាំងខាងស្មារតីសតិអារម្មណ៍ របស់គណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះសមាជិក-សមាជិកាគណបក្សគ្រប់រូប ជាពិសេសចំពោះក្រុមការងារគណៈបក្ស នៅទូទាំងខេត្តកំពង់ធំ ដែលបានបំពេញកាតព្វកិច្ច និងរួមចំណែកបម្រើគណបក្សនិងប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុការងារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះលោក ជា ចាន់តូ បានជម្រាបពីសមិទ្ធផលសំខាន់ៗ ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលគណបក្សសម្រេចបានកន្លងមក។ ចាប់តាំងពីគណបក្សប្រជាជន បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺគណបក្សប្រជាជនកើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន មានន័យថាគណបក្សយើងឈរនៅខាងប្រជាជន ផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយប្រជាជន ការពារនិងពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មឥតរួញរានៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីប្រជាជន និងប្រទេសកម្ពុជា បានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន ក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

សមិទ្ធផលដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា គឺការវាយរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដោយបានសង្គ្រោះប្រជាជន និងរំដោះប្រទេសជាតិ ការពារ ទប់ស្កាត់មិនឲ្យរបបដ៏សាហាវឃោរឃៅយង់ឃ្នងនេះ អាចវិលត្រឡប់មកវិញបាន ព្រមទាំងបានស្ដារ កសាង និងអភិវឌ្ឍប្រទេសជាតិ ពីបាតដៃទទេពីចំណុចសូន្យ និងពីគ្មានអ្វីសោះ ដែលពេលនោះសូម្បីតែប្រធានភូមិម្នាក់ក៏គ្មានដែរ ឲ្យប្រជាជនរស់នៅសមរម្យ ក្នុងសេចក្តីថ្លៃថ្នូរ និងប្រទេសជាតិរីកចម្រើនជាលំដាប់។ ពិសេសគណៈបក្សបានដើរតួនាទីស្នូលក្នុងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បាននាំមកនូវសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍនៅទូទាំងប្រទេស តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គ.ជ.ប បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់ មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕