(ភ្នំពេញ)៖ ក្រោមការណែនាំពីលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុកព្រៃឈរ និងស្រុកបាធាយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ លើសលប់ លោកប្រធានបានចាត់ឱ្យក្រុមការងារ តាមបណ្តាឃុំនីមួយៗ បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត និងធ្វើពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក និងសមាជិកា គណៈកម្មាធិការគណបក្ស មូលដ្ឋានឃុំនីមួយៗ។
ជាមួយគ្នានេះដែរនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២ លោក ផាន អូន ប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារ គណបក្សចុះជួយមូលដ្ឋានឃុំទាំង៣ អញ្ជើញចូលរួមប្រារព្ធ ពិធីសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការគាំទ្រ និងកៀងគររកសម្លេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងបុព្វហេតុគោរពស្រលាញ់ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិកាន់តែរុងរឿង។
ជាការតបស្នង ចំពោះការខិតខំប្រឹងប្រែង របស់សមាជិកគណៈកម្មាធិការគណបក្ស មូលដ្ឋានឃុំទាំង៣ លោក ផាន អូន បានរចនាក្រម៉ា ដែលមានរូបសញ្ញាគណបក្ស ប្រជាជនកម្ពុជា និងដេរប៉ាក់ខ្លឹមសារពាក្យថា «សូមអរគុណ» ដោយភ្ជាប់ជាមួយសាប៊ូ ដុំចំនួន២ដុំ សរុបជាថវិកាចំនួន ១៨,០០០រៀល ក្នុង១នាក់។ សរុបសមាជិក និងសមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋានទាំងបីឃុំ ចំនួន ៩១១រូប ស្មើនឹងថវិកាចំនួន ១៦,៣៩៨,០០០រៀល។
ជាមួយគ្នានេះដែរ លោកប្រធាន និងក្រុមការងារបានដោះស្រាយ សំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងការស្នើសុំជាដី សម្រាប់ចាក់បំពេញផ្លូវ និងដាក់លូ ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗ ដោយចំណាយថវិកាចំនួន ២៦,៣៥១,៣០០រៀល សរុបថវិកាចំណាយអស់ ៤២,៧៤៩,៣០០រៀល។
ក្នុងកម្មវិធីនេះដែរ លោក ផាន អូន បានពាំនាំមតិផ្តាំផ្ញើរបស់លោកប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋាន ស្រុកព្រៃឈរ និងស្រុកបាធាយ ដល់ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំ និង គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង៣ បន្តការខិតខំប្រឹងប្រែងក្នុងការ ដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកៀងគរសមាជិកបក្សបន្ថែម ដើម្បីទទួលបានប្រៀបឈ្នះបន្ថែមទៀត ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ៕