(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគ សេដ្ឋកិច្ច និងនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យតម្លៃខ្ពស់ទៅលើព្រឹត្តិការណ៍ «BRICS Plus» ដែលរៀបចំដោយប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដោយចាត់តុកថា បណ្តាប្រទេស BRICS នឹងក្លាយជាប៉ូលថ្មីមួយដ៏សំខាន់ក្នុងការទប់លំនឹងសេដ្ឋកិច្ច និងរនាំមកនូវការអភិវឌ្ឍ និងភាពសុខដុមរមនាសម្រាប់សកលលោក។

តើ «BRICS គឺជាអ្វី?» BRICS គឺជាប្លុកនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ចំនួន៥ គឺមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយ BRICS នេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៦។ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេសប្រ៊ីកបូក ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្ត របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានសម្តែងនូវអំណរគុណដល់ភាគីចិន ដែលបានគោរពអញ្ជើញសម្តេច ចូលរួមក្នុងវេទិកាអន្តរជាតិនេះ ហើយបានបង្ហាញជំនឿជឿជាក់ថា កិច្ចសន្ទនានេះបានចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង BRICS នាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពសុខដុមរមនាសម្រាប់សកលលោក។

កិច្ចសន្ទនានោះមានការអញ្ជើញចូលរួមពីឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនប្រធានាធិបតីអាហ្វ្រិខាងត្បូង ប្រធានាធិបតីប្រេស៊ីល ប្រធានាធិបតីរុស្ស៉ី និង នាយករដ្ឋមន្ត្រីឥណ្ឌាព្រមទាំងមានការចូលរួមពី បណ្តាប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា BRICS ដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ប្រកបដោយសក្តានុពលមានតួនាទីកាន់តែសំខាន់មិនអាចខ្វះបាន ក្នុងការពង្រីកនិងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពលដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ BRICS Plus ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យអាទិភាពសំខាន់ៗដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀងនិងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ច បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា កិច្ចប្រជុំកំពូល BRICS ដែលដឹកនាំដោយចិន នៅឆ្នាំ២០២២នេះ គឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មួយដែលមិនផ្អែកលើម៉ូដែលប្រទេសលោកខាងលិច ពោលគឺកាត់បន្ថយការការពារ ការដាក់របាំងការពារពាណិជ្ជកម្ម របស់ប្រទសលោកខាងលិច មានសហរដ្ឋអាមេរិកជាដើម ធ្វើឱ្យកើតបញ្ហាសម្រាប់ពិភពលោក ជាពិសេសទីផ្សារផលិតកម្មដែលចេញពីប្រទេសចិន ។

ឯកឧត្តមបន្តថាការដាក់របាំងពាណិជ្ជកម្មដែលកើតមាន ក្នុងជំនាន់លោកត្រាំអតីតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៩ បានធ្វើឱ្យមានឥទ្ធិពលអាក្រក់ដល់ សហគ្រាសនានាក្នុងពិភពលោក ហើយវា ក៏មានឥទ្ធិពលដល់អត្រាអតិផរណា នៃសហរដ្ឋអាមេរិកផងដែរ។ BRICS ជាប្រទេសមានឧស្សាហកម្មរីកលូតលាស់ថ្មី អ៊ីចឹងពិភពលោក ត្រូវការទំនិញចេញពីប្រទេសទាំងអស់នេះជាការចាំបាច់។ កិច្ចសហប្រតិបត្តិការនេះ គឺជាបណ្តុះនៃតម្លៃបន្ថែមខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសនីមួយៗ។

ឯកឧត្តមបន្តយ៉ាងដូច្នេះថា៖ «ការចូលរួម BRICS ជាការផ្លាស់ប្ដូររបបនៃសណ្តាប់ធ្នាប់ពិភពលោក ព្រោះថា កន្លងមកប្រទេសលោកខាងលិច ជាអ្នករៀបចំសណ្តាប់ធ្នាប់ពិភពលោក បើពួកគេចង់កាច់ចង្កូតពិភពលោកទៅណាស្រេចតែពួកគេ ជាពិសេសសហរដ្ឋអាមេរិក។ BRICS ជាប្រទេសមានផ្ទៃដីធំ និងប្រជាជនច្រើនជាងគេនៅលើសកលលោក។ អ៊ីចឹងកម្លាំងថ្មីរបស់ BRICSនេះ នឹងអាចធ្វើឱ្យមានការកែប្រែរបៀបរបប នៃការរៀបចំសណ្តាប់ធ្នាប់របស់ពិភពលោកឡើងវិញ។ BRICS និងកម្ពុជា ក្នុងន័យនយោបាយ យើងអាចភ្ជាប់គ្នាបាន ដោយសារតែកម្ពុជា ក៏ជាប្រទេសមានសំឡេងមួយក្នុងអង្គការសហប្រជាជាតិ និងក្នុងអាស៊ានផងដែរ ។ ប៉ុន្តែបើយើងនិយាយពីការបូកទៅលើចំនួនប្រជាជន និងសេដ្ឋកិច្ចវិញ កម្ពុជាមិនអាចស្មើនិង BRICS បានទេ ដោយសារតែផ្ទៃដីកម្ពុជាមានតូច មានផលិតកម្ម ក៏នៅតិចផងដែរ»

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថាបើពិនិត្យជាតួលេខ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ BRICS នេះ បណ្តាប្រទេសទាំង៥គឺតំណាងឲ្យ ៣០% នៃផ្ទៃដីពិភពលោក, ៤២% នៃចំនួនប្រជាជនសរុបក្នុងពិភពលោក និង ២០%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។ ដូច្នេះ គឺជាទំហំតួលេខមួយដ៏ធំសម្បើម ជាហេតុនាំឲ្យអាចនិយាយបានថា កិច្ចសហប្រតិបត្តិការ BRICS នេះគឺពិតជាសំខាន់ណាស់ សម្រាប់ពិភពលោក សំខាន់ទាំងសម្រាប់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចសកល។

កិច្ចសហប្រតិបត្តិការ BRICS នេះគឺតែងតែយកចិត្តទុកដាក់ និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគីនិយម អភិបាលកិច្ចសកល សេដ្ឋកិច្ចពិភពលោក ដែលមានលក្ខណៈបើកចំហរ ជាមួយនឹងពហុភាគីនិយមនិងកំណើនប្រកបដោយបរិយាប័ន្ន ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ហើយភាពជាស្មារតីពហុភាគីនិយម ដែលផ្អែកលើច្បាប់របស់ BRICSនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ន។

ចាប់តាំងពីការបង្កើត BRICS មក ឯកឧត្តមសង្កេតឃើញថាបណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដែលប្រកបដោយបរិយាប័ន្ន ហើយបានរួមចំណែកយ៉ាងសំខាន់ ដល់កំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចពិភពលោក សន្តិភាព និងស្ថិរភាពអន្តរជាតិ ព្រមទាំងជាកម្លាំងជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំកំពូល BRICSនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មេដឹកនាំនៃសមាជិក BRICS ដើម្បីបង្កើតភាពជាដៃគូឲ្យកាន់តែរឹងមាំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងដើម្បីដោះស្រាយបញ្ហាប្រឈមធំៗចំពោះសេដ្ឋកិច្ច និងសន្តិសុខពិភពលោក។

ឯកឧត្តមជឿជាក់ថា ប្រទេសចិននឹងប្រើប្រាស់ឱកាសនេះដើម្បីលើកកម្ពស់ស្មារតី BRICS ដែលបើកចំហរ មានលក្ខណៈបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងចាប់ផ្តើមដំណើរឆ្ពោះទៅរក កិច្ចសហប្រតិបត្តិការបែបថ្មីមួយរបស់ BRICS ដោយសារតែយើងដឹងហើយថា ប្រទេសចិនគឺតួអង្គវិនិយោគ ដៃគូពាណិជ្ជកម្មដ៏សំខាន់ ក្នុងប្លុក BRICS ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងសមាជិកផ្សេងៗទៀតនៃ BRICS គឺមានឥទ្ធិពលខ្លាំងណាស់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនេះ ក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល។

ឯកឧត្តមបណ្ឌិត គិន ភាយល់ឃើញថា សម្រាប់កម្ពុជា អាចទទួលបានផលប្រយោជន៍ពី BRICS នេះ ប្រសិនបើយើងអាចបង្កើតភាពជាដៃគូជាមួយ BRICS ក្នុងក្របខណ្ឌនៃផែនការពង្រីក BRICS ដែលគេហៅថា BRICS Plus ដែលជាយន្តការមួយនឹងលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍ សមធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ឆ្ពោះទៅរកសហគមន៍ដែលមានជោគវាសនារួមគ្នា សម្រាប់មនុស្សជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ដែរថា ក្របខណ្ឌ BRICS Plus នេះឆ្លុះបញ្ជាំងពីស្មារតីពហុភាគីនិយម ពាហុវប្បធម៌ហើយជាលទ្ធផល ដែលអាចធានានៃការរស់រានមានជីវិតនៃទីផ្សារដែលកំពុងរីកចម្រើន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ពង្រឹងអភិបាលកិច្ចសកល ការពារសន្តិភាព និងភាពស្ងប់សុខពិភពលោកដែរ ដូច្នេះ បើកម្ពុជាអាចជាផ្នែកមួយ នៃផែនការពង្រីក BRICS ឬ BRICS Plus នេះ កម្ពុជាអាចទាញបាននូវកាលានុវត្តភាព ទៅលើវិស័យពាណិជ្ជកម្ម វិនិយោគ ទីផ្សារ ហើយក៏ជាផ្នែកមួយនៃស្មារតីពហុភាគីនិយមរបស់កម្ពុជាផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន