(ព្រះសីហនុ)៖ អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមការងារ បាននាំប្រជាពលរដ្ឋប្រមាណ ៥៥០នាក់ នៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឺងត្រែង ទៅលេងកម្សាន្ត និងទស្សនាសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុ។
ដំណើរកម្សាន្តលើដែនដីឆ្នេរសមុទ្រភាគនិរតីប្រកបដោយភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋឃុំស្រែគរ ធ្វើឡើងជាកិច្ចថ្លែងអំណរគុណចំពោះការគោរពស្រឡាញ់របស់ប្រជាពលរដ្ឋឃុំស្រែគរ ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សា/ឃុំសង្កាត់អាណត្តិទី៥នេះ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ កន្លងទៅ នៅក្នុងឃុំស្រែគរនេះ គណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈមេឃុំ ដោយសារតែកាលនោះប្រជាពលរដ្ឋបានសម្តែងការថ្នាំង់ថ្នាក់មួយចំនួនជាមួយអាជ្ញាធរ ជាពិសេសពាក់ព័ន្ធគម្រោងសាងសង់វារីអគ្គិសនីសេសានក្រោម២។
នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឈានមកដល់ ក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត ដឹកនាំដោយលោក យូ សិរីវុឌ្ឍ និងលោក ផេង គីមស្រ៊ុន រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ឃុំនេះ ជួបពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីភាពចាំបាច់នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងការបង្កើតវារីអគ្គិសនី ដើម្បីទាញយកថាមពលបំពេញតម្រូវការប្រើប្រាស់ និងការវិនិយោគ។ បន្ថែមពីលើនោះ ក្រុមការងារ បានសន្យាក្នុងការចូលដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ឃុំឱ្យបានរីកចម្រើន ប្រសិនបើបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត។
ក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត ក៏បានសន្យាក្នុងការនាំពួកគេទៅលេងសមុទ្រក្នុងខេត្តព្រះសីហនុផងដែរ បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដឹកនាំនៅក្នុងឃុំស្រែគរនេះ។
ជាលទ្ធផលប្រជាពលរដ្ឋក្នុងឃុំស្រែគរ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំនៅក្នុងឃុំស្រែគរទាំងអស់ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ។ អនុវត្តន៍តាមកិច្ចសន្យា និងជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋភូមិភាគឦសាន បានលេងកម្សាន្តទឹកសមុទ្រតាមបំណងប្រាថ្នារបស់ពួកគេផងនោះ នៅថ្ងៃទី២៥ ខែមិថុនា កន្លងទៅនេះ អ្នកឧកញ៉ា លី សាម៉េត និងក្រុមការងារ បានរៀបចំដំណើរកម្សាន្តនេះជូនពួកគេ ដោយរ៉ាប់រងលើការធ្វើដំណើរ អាហារ និងការស្នាក់នៅផងដែរ។
ប្រជាពលរដ្ឋឃុំស្រែគរ ដែលភាគច្រើនមិនធ្លាប់បានស្គាល់ទឹកសមុទ្រយ៉ាងណាពីមុនមកនោះ បានសម្តែងនូវក្តីរីករាយជាពន់ពេក។ ដំណើរកម្សាន្តលើទឹកដីខេត្តព្រះសីហនុ រយៈពេលពីរយប់៣ថ្ងៃនេះ ក្រៅតែពីការងូតទឹកកម្សាន្ត ស្រស់ស្រូបអាហារ និងរាំកម្សាន្តហើយនោះ អ្នកឧកញ៉ា លី សាម៉េត និងក្រុមការងារ បាននាំបងប្អូនប្រជាពលរដ្ឋឃុំស្រែគរ ទស្សនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ព្រមទាំងទៅកាន់ទីតាំងសំខាន់ៗមួយចំនួនដូចជាដើមឈើចាំស្នេហ៍ ខ្មែរធ្វើបាន រង្វង់មូលព្រះបដិមាឧមា-មហេសូរ និងរង្វង់មូលព្រះថោងនាងជាដើម។
ប្រជាពលរដ្ឋឃុំស្រែគរ បានថ្លែងអំណរគុណក្រុមការងារអ្នកឧកញ៉ា លី សាម៉េត ដែលបានធ្វើឱ្យពួកគាត់សម្រេចបំណងប្រាថ្នាបានមកលេងកម្សាន្ត និងស្គាល់សមុទ្រ។ ជាមួយដំណើរកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល់នោះ ប្រជាពលរដ្ឋឃុំស្រែគរ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះការរីកចម្រើននៅក្នុងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏អស្ចារ្យកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ពលរដ្ឋឃុំស្រែគរ ដែលធ្លាប់តែជាអ្នកមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរ និងគណបក្សប្រជាជនកម្ពុជាកាលពីអតីតកាលមកនោះ បានប្រកាសគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងដើរតាមមាគ៌ាបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តន៍៕