(សៀមរាប)៖ នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានសហការជាមួយ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន និងមានការចូលរួមជាកិត្តិយសពី លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ និងលោកវរៈសេនីយ៍ឯក កែវ សុខុន នាយកសាលាការពាអាកាសអគ្គបញ្ជាការ បានរៀបចំកម្មវិធីដាំកូនឈើ ១០០០ដើម តាមបណ្តោយផ្លូវចូលទៅភ្នំចង្ក្រានរយ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃខ្មាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងនោះដែរ ចំនួនអ្នកចូលរួមសរុបមានសមាគមចលនាយុវជនកម្ពុជា ១០០នាក់ ខណ្ឌរដ្ឋបាលព្រៃឈើ ១០នាក់ រដ្ឋបាលស្រុកវ៉ារិន ២០នាក់ សាលានគរបាលជាតិ ៥នាក់ សាលាការពារអាកាស ២៥នាក់ សសយក ស្រុកវ៉ារិន ២០នាក់ ក្រុមហ៊ុន Madam Dy ចំនួន ១០នាក់ ផលិតកម្ម Power Media ចំនួ ន ១៥ថនាក់ និងប្រជាការពារ ១៥នាក់។
នាថ្ងៃដ៏វិសេសវិសាលនេះដែរ លោកអភិបាលស្រុក បានសម្តែងនូវអំណរសាទរយ៉ាងខ្លាំងចំពោះសមាគមចលនាយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធីនេះឡើង។
ក្នុងឱកាសនោះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ មានចំណាប់អារម្មណ៍ និងវាយតំលៃខ្ពស់ចំពោះការស្ម័គ្រចិត្ត និងប្តេជ្ញាខ្ពស់របស់យុវជនក្នុងការចូលរួមដាំដើមឈើឡើងវិញ។
ជាមួយគ្នានេះដែរ លោក សឹង្ហ សំរឹទ្ធិ បានឡើងថ្លែងសុន្ទរកថាអំពី «យុវជនជាកំលាំងចលករក្នុងការរួមចំណែកការពារព្រៃឈើ» ដោយផ្តោតសំខាន់លើការការពារប្រពន្ធ័អេកូឡូស៉ី និងស្រទាប់បរិយាកាសផែនដី។
ចុងបញ្ចប់នៃកម្មវិធី អង្គពិធីទាំងមូលបានចូលរួមទាំងអស់គ្នាដាំកូនឈើទាំង ១០០០ដើម មានបេង ៥០០ដើម និង គគីរ ៥០០ដើម ប្រកបដោយភាពរីករាយសាមគ្គីភាព និងមោទនភាព៕