(ភ្នំពេញ)៖ វេទិកាសន្តិភាពកម្ពុជា បានសេចក្តីថ្លែងការណ៍ គាំទ្រចំពោះលទ្ធផល នៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២២ និងបានអះអាងថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ ប្រកបដោយបរិយាកាសសេរី និងយុត្តិធម៌ នៅក្រោមលំហរនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់វេទិកាសន្តិភាពកម្ពុជា ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា តាំងពីចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត និង ក្រោយថ្ងៃបោះឆ្នោត វេទិកាសន្តិភាពកម្ពុជា ពិនិត្យឃើញថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានចូលរួមតាមនិន្នាការ គណបក្សនយោបាយរៀងៗខ្លួន និងបានបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ដោយគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងដោយឆន្ទៈពិតប្រាកដ។ ជាងនេះទៅទៀត ក្រោយថ្ងៃបោះឆ្នោតប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានរក្សាភាពស្ងប់ស្ងាត់ ចាំស្តាប់នូវលទ្ធផល នៃការបោះឆ្នោតប្រកបដោយភាពចាស់ទុំ និងថ្លៃថ្នូរ។
លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា មានគណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ដែលក្នុងនោះគឺ គណបក្សប្រជាជនកម្ពុជា បានទទួលលទ្ធផលនាំមុខ គណបក្សចំនួន៨ ទៀត។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ៨០% ដែលបានចេញទៅបោះឆ្នោត បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតគឺ បោះឆ្នោតដើម្បីការពារសុខសន្តិភាព ស្ថេរភាពសង្គម និងដើម្បីការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនដោយផ្អែកលើលទ្ធផលផ្លូវការដែលប្រកាសដោយ (គ.ជ.ប) ។
វេទិកាសន្តិភាពកម្ពុជា សូមអំពាវនាវដល់ គ្រប់គណបក្សនយោបាយទាំងអស់ ដែលទទួលបានអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលខ្លួនឈ្នះទទួលបានអាសនៈនោះ ឲ្យបានត្រឹមត្រូវស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត និងអនុវត្តន៍ឲ្យបាននូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ
ភូមិ ឃុំ សុវត្ថិភាព និងការអភិវឌ្ឍន៍នានាក្នុងឃុំ សង្កាត់ ដោយធ្វើយ៉ាងណាកុំឲ្យប្រជាពីលើរដ្ឋជាម្ចាស់ឆ្នោតខកចិត្ត៕