(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចុងសប្ដាហ៍ទី៤ នៃខែមិថុនា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង ៣១ម៉ឺននាក់។
លោក ថោង ខុន បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២ គឺភ្ញៀវសរុបមានចំនួន ៣១៨,៨៦៣នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៩៨,៩៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៩,៩២៣នាក់។
លោកបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៦. ៨៨៥ នាក់
* ខេត្តសៀមរាប ៤៥.២១៩ នាក់
* ខេត្តបាត់ដំបង ៤០.៩៥៥ នាក់
* ខេត្តកំពត ៣៤.៥១៨ នាក់
* ខេត្តកែប ២២.៤៥១ នាក់
* រាជធានីភ្នំពេញ ១៨.៦៨៥ នាក់
* ខេត្តត្បូងឃ្មុំ ១៥.៣៤៣ នាក់
* ខេត្តកំពង់ស្ពឺ ១២.៨៩៥ នាក់
* ខេត្តពោធិ៍សាត់ ១២.៨៥៤ នាក់។
ជាការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមមាន៖
* ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានការថមថយបន្តិចបើប្រៀបនឹងចុងសប្តាហ៍មុន ជាក់ស្តែង តួលេខចុងសប្តាហ៍នេះ មានការថយចុះប្រមាណ ១២,៥៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។
* តាមការសង្កេតជាក់ស្តែង របស់មន្ទីរទេសចរណ៍ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្ត មិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
* តាមការវាយតម្លៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលថ្ងៃឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនធ្វើដំណើរកម្សាន្តជិតៗ ដោយចេញដំណើរពីព្រឹកព្រលឹម នឹងត្រលប់ចូលផ្ទះល្ងាចវិញ។
* តម្លៃកញ្ចប់សេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរហាក់នៅមានតម្លៃខ្ពស់ ស្របនឹងតម្លៃប្រេងសាំង មានការកើនឡើង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យវិស័យឯកជន ពិភាក្សាគ្នាដាក់ចេញតម្លៃកញ្ចប់ទស្សនកិច្ចឲ្យបានសមរម្យដើម្បីទាញ់ទាញ ជំរុញចលនាទីផ្សារក្នុងស្រុក និងដើម្បីប្រកួតប្រជែង ជាមួយទីផ្សារប្រទេសជិតខាងផងដែរ៕