(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងទួកគី និងបានកោតសរសើរការរួមចំណែករបស់ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតទួកគី ដល់ការរីកចំរើននៃទំនាក់ទំនងនេះ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងអំឡុងពេលលោកស្រីឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត ដែលបានទទួលមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាគ្រឿងឥស្សរិយយសខ្ពស់បំផុតសម្រាប់ឥស្សរជនបរទេស។ លោកស្រីឯកអគ្គរាជទូត Ayda Ünlü បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ និងប្រកបដោយជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលដំណើរទស្សនកិច្ចនេះ បានកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងផងដែរអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់លោក ទៅកាន់ប្រទេសតួកគីកាលពីខែកុម្ភៈ ឆ្នាំនេះ និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះការជួបជុំគ្នានាពេលនោះរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការសម្ពោធស្ថានឯកអគ្គរាជទូត កម្ពុជានៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំនាក់ទំនង។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួគីសម្រាប់ជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់ប្រទេសកម្ពុជា រួមទាំងគម្រោងសាងសង់លំនៅដ្ឋាននៅស្រុកស្អាង ខេត្តកណ្តាល។ លោកស្រី Ayda Ünlü បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីថា ឯកអគ្គរដ្ឋទូតថ្មីនឹងបន្តជំនួយសម្រាប់គម្រោងនានា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀន ជាដើម៕