(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ រៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំថ្ងៃកំណើតគណបក្ស។ នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថាដ៏មានអត្ថន័យដូចខាងក្រោម៖
ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន៖
* ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ ស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
* ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមាន អត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។
* ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យ ដឹកនាំប្រទេសជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
* សម្តេចតេជោ ហ៊ុន សែន សម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបាននិងកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។
* ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។
* ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះ ត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ
* ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។
* ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត។
* ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយ
* ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
* ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។
* កម្ពុជាបាននិង កំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និង សកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។
* សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។
* និយាយរួមមករាល់សមិទ្ធផល ដែលគណបក្សបានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។
* ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិយើងបានជួបប្រទះពីអតីត កាលនោះឡើយ។ លើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សា ឱ្យបាននូវសមិទ្ធផលធំៗ ដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវ ភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។
* គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រម នានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច។
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួម បានប្រព្រឹត្តទៅ ដោយជោគជ័យក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។
* ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោតតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយ រីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តដឹកនាំក្នុងមូល ដ្ឋានរបស់ខ្លួន។
* ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិត ប្រាកដ ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និង ជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេស ការអភិវឌ្ឍនៅមូលដ្ឋាន។
* ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់។
* តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមាន មូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន
* សូមសម្ដែងការគោរព និងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។
* ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សសូមប្តេជ្ញាខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឱ្យបាន សម្រេចជោគជ័យ ធ្វើឱ្យឃុំ សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើ គ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុង គ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី និងសកម្មជនរបស់ គណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តលះបង់ពេលវេលា និងធនធាន របស់ខ្លួនធ្វើការបម្រើប្រជាជន និងអនុវត្តរាល់ភារកិច្ចដើម្បីបុព្វហេតុរបស់គណបក្ស។ គឺផ្តើមពី សកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យគណបក្សយើងទទួលបានជ័យជម្នះ ហើយយើងនឹង ទទួលបានជ័យជម្នះបន្តទៀត។
* នៅលើផ្លូវឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ សាមគ្គីប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានា នៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេល មុនទៀត។
* គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាព ដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិស យ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បី បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានារបស់ តំបន់ និងពិភពលោក។
* គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាព ទាំងឡាយទោះចេញពីប្រភពណាក្ដីដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគ់នេះ ឬកៀប សង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។
* គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្ស នយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាព ស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយចីរភាព ជាពិសេសបរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ។
* យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺ នេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបាន វិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅ ឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺ កូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។
* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទាន យ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែល ជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅកម្ពុជា។
* ជាទីបញ្ចប់ ជាមួយនឹងអំណរសាទរខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ គណៈ ដឹកនាំសាសនិកឥស្លាម និងគ្រឹស្តសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីខ្ទីង និងបងប្អូនជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ៕