(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ ក្រៃលែង ចំពោះមរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបង្ហាញនូវក្តីរំជួលចិត្តឥតឧបមា ពេលបានទទួលដំណឹងដ៏ក្រៀមក្រំនៃការធ្វើមរណកាលរបស់ឯកឧត្តម អ៉ឹង គៀត។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានគូសរំលេចថា «សូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់»។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានលើកឡើងថា មរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម អ៉ឹង គៀត កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល បានទទួលមរណភាព វេលាម៉ោង ១១៖៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ៕