(ព្រះសីហនុ)៖ នៅរសៀលថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី ប្រាក់ ច័ន្ទសុខា ហេរិញ្ញិកគណៈកម្មាធិកាសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងរងគ្រោះទឹកជំនន់ចំនួន ១៥គ្រួសារ ក្នុងនោះមានចំនួន៨គ្រួសាររងការប៉ះពាល់តិចតួច និងចំនួន ៣គ្រួសារទៀតរងនូវការប៉ះពាល់ធ្ងន់ធ្ងរ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ។
ចំណែក៤គ្រួសារទៀត នៅឃុំអូរឧកញ៉ាហេង មាន៣គ្រួសារ ទទួលរងការប៉ះពាល់តិចតួច មាន១គ្រួសាររងនៅការប៉ះពាល់ធ្ងន់ធ្ងរ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះ លោកស្រី ប្រាក់ ច័ន្ទសុខា បានផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោក គួច ចំរើន ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក
ដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការប៉ះពាល់ផ្ទះសំបែងទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកស្រីថា «ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់គ្រួសារបងប្អូនឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទី
កន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅទីនេះថាសូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ នៅពេលកំពុងជួបគ្រោះទឹកជំនន់ ជាពិសេសក្មេងៗមិនត្រូវបណ្តោយឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចជាកន្លែងយើងស្នាក់នៅជាដើម ប្រសិនបើមានបញ្ហាអ្វីកើតមានឡើងសូមបងប្អូនប្រញ៉ាប់ទាក់ទង ទៅអាជ្ញាធរដែលនៅប្រចាំកាជិតទីតាំងបងប្អូនបំផុត។
ឈ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ១៩នេះ ឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» និង២ចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ជែល ១ដប ម៉ាស់ក្រណាត់ ១កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកគ្រួសាររងការប៉ះពាល់ធ្ងន់ធ្ងរទទួលបាន តង់១ និងថវិកា ២០ម៉ឺនរៀល៕