(រតនគិរី)៖ លោក លន់ សុភាព អភិបាលរងខេត្តតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ពិសេសត្រូវគិតថា គ្រឿងញៀនគឺជាបញ្ហារបស់ប្រជាជនទាំងអស់គ្នា។
ការអំពាវនាវនេះត្រូវបានធ្វើឡើង ក្នុងឱកាសរដ្ឋបាលខេត្តប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលមហោស្រពរតនៈខេត្តរតនគិរី។
លោកអភិបាលរងខេត្ត បានបន្តថា ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារបស់ពលរដ្ឋទូទៅ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង មិនត្រូវគិតថាកិច្ចការទាំងអស់នេះគឺជាភារកិច្ចផ្តាច់មុខរបស់កម្លាំង មានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។
ជាមួយគ្នានោះ ដើម្បីយកឈ្នះការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តរតនគិរី ត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ហើយប្រជាជនម្នាក់ៗត្រូវមានភារកិច្ចចូលរួមមិនប្រើប្រាស់គ្រឿងញៀន ធ្វើជាភ្នាក់ងារសម្ងាត់សហការ ជាមួយសមត្ថកិច្ច ដើម្បីគ្រួសារយើង ភូមិយើង ឃុំសង្កាត់យើង ស្រុកក្រុងយើង និងខេត្តរតនគិរីទាំងមូលគ្មានគ្រឿងញៀន។ ជាពិសេសយុវជន-យុវតីសូមកុំធ្វើឱ្យឪពុកម្ដាយស្រក់ទឹកភ្នែកដោយសារខ្លួន ត្រូវចងចាំថាការប្រើប្រាស់ គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល៕