(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងមន្ត្រីរាជការសាលាក្រុង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានមូលមតិគ្នានាំយកទៀនព្រះវស្សាប្រគេន ព្រះសង្ឃគង់ចាំ ព្រះវស្សាអស់ត្រីមាស នៅចំនួន៤វត្ត នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅវត្តពោធិថ្មីហៅ «វត្តបាវិត»។
នាឱកាសនេះលោក លឹម សៀងហេង បានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការ រីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លាពីថ្នាក់ដឹកនាំមន្ត្រីរដ្ឋក្រុងបាវិតនាថ្ងៃនេះ បានកើតឡើង ចេញពីការរួមសាមគ្គីភាពគ្នា គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានបន្តថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយ ចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបាន កំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយដោយគង់នៅចាំ ព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើងដែលជាជង្រុកនៃសម្បត្តិ វប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។
ជាមួយគ្នានេះដែរ លោកអភិបាលក្រុងបាវិត បានផ្តាំផ្ញើរដល់ប្រជាពុទ្ធបរិស័ទសូមរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពី គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសអនុវត្តវិធានការ «៣កុំ និង»៣ការពារ និងសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ «ដូសទី៣ ទី៤ទី៥» ឲ្យបានគ្រប់ៗគ្នា ដើម្បីមានភាពសុំា នៅក្នុងសហគមន៍។
សូមបញ្ជាក់ដែរថា ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង៤វត្ត ក្នុងថ្ងៃនេះរួមមាន៖ ក្នុង១វត្តទទួលបាន ទៀនធំ ១គូរ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យ៦០មុឺនរៀលផងដែរ៕