(ភ្នំពេញ)៖ អតីតមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ប៉ុន្ដែត្រូវអនុវត្តទោស៦ខែប៉ុណ្ណោះ ដោយទោសនៅសល់ត្រូវព្យួរ។
អតីតមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយនេះឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសាតាមបញ្ញត្តិមាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
មន្ដ្រីបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកប្រកាសនៅព្រឹកនេះដោយមានលោក សុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមជំនុំជម្រះ និងលោក ចែ សុង ជាតំណាងអយ្យការ។
សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនមន្រ្តីខ្លួនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយរកឃើញថា មន្រ្តីរូបនោះមានការពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មានភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តពាក្យប្តឹង និងអន្ដរជាតិរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យបានប្រព្រឹត្តិល្មើសដែលបញ្ញត្តិក្នុងមាត្រា៥៩២ (បទវីតិក្រុម) នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
បុគ្គល ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្ដឹងដែលខ្លួនមិនទទួលបន្ទុកទៀតផង។
អង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ៕