(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ចំនួន៨០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ទាំង៧ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នាឱកាសនោះ លោក ធឹម សំអាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការណ៍ការពារខ្លួនជានិច្ច គឺ «៣ការពារ និង៣កុំ»។
លោក ធឹម សំអាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា។ រោគសញ្ញាមានដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។
លោកស្រី ស៊ិន រតនា អភិបាលរង ខណ្ឌបឹងកេងកង បានបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ១០កញ្ចប់, ទឹកត្រីចំនួន ១ដប, ទឹកសុីអ៉ីចំនួន ១ដប, ជែលចំនួន ១ដប និងម៉ាស់ចំនួន ១ប្រអប់៕