(ភ្នំពេញ)៖ ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារេស៉ីដង់ភ្នំពេញ។
ក្នុងសុន្ទរកថារបាយការណ៍បូកសរុប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា អង្គសន្និបាតបានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការអាទិភាពនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្នុងនោះអង្គសន្និបាតបានសម្រេចដាក់ចេញ៖
ទី១. ប្តេជ្ញាបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍ថ្មីៗនៅទូទាំងប្រទេស ជាមួយការផ្តល់ថ្លៃកញ្ចប់ទស្សនកិច្ចទាក់ទាញ។
ទី២. បន្តជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍សម្រាប់ទីផ្សារទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិនៅតាមប៉ូលទេសចរណ៍សំខាន់ៗ ដោយយកចិត្តទុកដាក់លើភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព តម្លៃ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។
ទី៣. បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ពន្ធគាំទ្រឱ្យកាន់តែប្រសើរឡើង និងសកម្មភាពគាំទ្រនានា សំដៅពង្រឹងនិងពង្រីកភាពទាក់ទាញ និងធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែរស់រវើក។
ទី៤. បន្តជំរុញការតភ្ជាប់តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ព្រមទាំងការបើកច្រកទ្វារអន្តរជាតិបន្ថែម ដើម្បីជំរុញទាក់ទាញទេសចរអន្តរជាតិ។
ទី៥. បន្តចូលរួមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាសុវត្ថិភាព និងផ្តល់សេវាកម្មប្រកបដោយទំនុកចិត្តជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងនោះក្រៅពីការបន្តជំរុញអនុវត្ត ៣កុំ ៣ការពារ យើងនឹងត្រួតពិនិត្យជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក កម្មករ និយោជិត ក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។
ទី៦. បន្តជំរុញយុទ្ធនាការគាំទ្រនានា ជាអាទិ៍ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ភូមិទេសចរណ៍ស្អាត បង្គន់សាធារណៈស្អាត យុទ្ធនាការគ្មានថង់ប្លាស្ទីកនៅតាមទីតាំងទេសចរណ៍សំខាន់ៗ និងស្តង់ដារង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ទី៧. បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាពនៃការផ្តល់សេវាកម្ម និងរៀបចំប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតនៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ។
ទី៨. បន្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ បុគ្គលិក និងសហគ្រិនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងជំនាញដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញថ្មី។
ទី៩. បន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំដាក់ឱ្យអនុវត្តកម្មវិធីសិក្សាជំនាញទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំទី១ ទី២ និងទី៣ ត្រូវនឹងថ្នាក់ទី១០ ទី១១ និងទី១២ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីទទួលបានចំណេះ និងជំនាញខ្ពស់ ស្របតាមស្តង់ដាអាស៊ាន (MRA-TP)។
ទី១០. បន្តតាមដាន និងសិក្សាពីការវិវត្តនិងនិន្នាការទីផ្សារទេសចរណ៍ថ្មីៗ។
ទី១១. បន្តពង្រឹងអភិបាលកិច្ចទេសចរណ៍ និងជំរុញការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗបន្ថែមទៀត ស្របតាមតម្រូវការជាក់ស្តែង៕