(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានអះអាងថា កម្ពុជា បាននិងកំពុងខិតខំដាក់ចេញនូវគោលការណ៍ និងយន្តការមួយចំនួនសំដៅបង្កើតឱ្យបានយ៉ាងហោចណាស់ ឱ្យមានអ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២នាក់ក្នុង ១ឃុំ-សង្កាត់ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គម និងសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច។
កាលពីនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២កន្លងទៅ ក្រសួងសង្គមកិច្ច សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា២០២២-២០៣១ និងផ្សព្វផ្សាយឯកសារ ទឡ្ហីករណ៍ស្ដីពីការ វិនិយោគលើកម្លាំងសេវាសង្គម និងសេចក្តីណែនាំស្ដីពី តួនាទី និងភារកិច្ចសម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ ដែលជារបត់មួយ ក្នុងការបង្កើនការផ្តល់សេវាសង្គមកិច្ចឱ្យកាន់ តែទូលំទូលាយ និងចំគោលដៅ។
ការប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រនេះ គឺជាឯកសារដ៏មានសារសំខាន់ សំដៅពង្រឹងសមត្ថភាព និងបង្កើនចំនួនកម្លាំង សេវាសង្គមកិច្ចយ៉ាងហោចណាស់ ត្រូវមានអ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២ នាក់ក្នុង ១ឃុំ-សង្កាត់ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គម និងដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការគាំពារនូវសុខុមាលភាពរបស់ប្រជាជន និងផ្តល់សេវាជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នេះគឺជាការលើកឡើងរបស់លោក វង សូត ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្តីពីការបង្កើតសេចក្តីណែនាំថ្នាក់តំបន់ ស្តីពីតួនាទីនិងភារកិច្ច នៃកម្លាំងសេវាសង្គម នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។
ដូច្នេះការរៀបចំបង្កើតសេចក្តីណែនាំថ្នាក់តំបន់នេះ គឺក្នុងគោលបំណងជាជំនួយដល់រដ្ឋជាសមាជិកអាស៊ាន ក្នុងការអនុវត្តនូវផែនទីបង្ហាញផ្លូវអាស៊ាន ដែលត្រូវបានប្រមុខរដ្ឋអាស៊ានកត់សម្គាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ កាលពីខែតុលា ឆ្នាំ២០២១ នៅប្រទេសព្រុយណេ សំដៅជំរុញការអនុវត្តសេចក្តីប្រកាសទីក្រុងហាណូយ ស្តីពីការពង្រឹងការងារសង្គម ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយភាពស្អិតល្មួត និងការឆ្លើយតប ដែលត្រូវបានប្រមុខរដ្ឋអាស៊ានអនុម័ត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រទេសវៀតណាម កន្លងទៅនេះ ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។ នេះបើតាមការលើកឡើងរបស់លោក រដ្ឋមន្ត្រី វង សូត។
សូមមជម្រាបជូនថា លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្តីពីការបង្កើតសេចក្តីណែនាំថ្នាក់តំបន់ ស្តីពីតួនាទី និងភារកិច្ចកម្លាំងសេវាសង្គម ដើម្បីពង្រឹងកិច្ចគាំពារសង្គមនេះ នឹងត្រូវដាក់ជូនប្រមុខថ្នាក់ដឹកអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាប្រធាន នៅក្នុងឆ្នាំ២០២៣៕