(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធានខាងភាគីចិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើង នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តផែនការសម្រាប់រយៈពេល ២ឆ្នាំ បន្តទៀត (ឆ្នាំ២០២២-២០២៤)។
យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គខាងលើនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណលេខាធិការទំាងពីរ ដែលបានដឹកនាំសម្របសម្រួលការងារ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ពិសេសការអនុវត្តផែនការសកម្មភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន ដែលបានឯកភាព និងសម្រេច ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៉ី ជិនពីង ទោះបីជាកំពុងស្ថិតក្នុងកាលៈទេសៈនៃការប្រឈមនឹងវិបត្តិជំងឺ កូវីដ-១៩ ក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយចិនតែមួយ។ កម្ពុជាសូមប្រកាសគាំទ្រ និងជូនពរភាគីចិនរៀបចំសមាជជាតិចិនលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ប្រកបដោយជោគជ័យ និងសូមប្រកាសគាំទ្រប្រទេសចិន សាជាថ្មីម្តងទៀត លើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងពីសមិទ្ធផល ក្នុងឆ្នាំ២០២០-២០២២ រួមមាន៖
១៖ វិស័យនយោបាយ
* ជំនួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រធានាធិបតី ស៉ី ជីនពីង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ និងជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជំនួបពិភាក្សាខាងលើបានជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន កាន់តែស៉ីជម្រៅ។
២៖ វិស័យសេដ្ឋកិច្ច-បច្ចេកទេស
* លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល ២ឆ្នាំ (2020-2022) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមាណជាង ៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្រ្ត
* ក្នុងឆ្នាំ២០២២ កិច្ចព្រមព្រៀងឥណទាន ដែលភាគីទាំងពីរបានចុះហត្ថលេខាថ្មីៗនេះ សម្រាប់គម្រោងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង យើងសម្រេចបានចំនួន ៤គម្រោង ទឹកប្រាក់ចំនួន ៣៤៤លានដុល្លារ ក្នុងវិស័យផ្លូវថ្នល់ និងខ្សែកាប្លិ៍អុបទិក
* ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ភាគីមិត្តចិនបានផ្តល់ចំនួន ២,៧០០លានយ័ន។
៣៖ វិស័យសុខាភិបាល
* លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវសមិទ្ធិផលធំៗ ដែលសម្រេចបានក្នុងអំឡុងពេលគ្រោះកូវីដកន្លងមកនេះជាអាទិ៍៖
ក៖ ពហុកីឡដ្ឋានមរតកតេជោដ៏ធំនិងល្អប្រណីត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈដ៏ទំនើប
ខ៖ ព្រមទាំងគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលត្រៀមនឹងដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
៤៖ ក្នុងវិស័យកសិកម្ម
* លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភាគីមិត្តចិន ដែលបានចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវការ ភូតគាមអនាម័យ សម្រាប់ការនំាចេញផ្លែមៀនស្រស់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២
* យោងតាមទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់ចិនការនាំចេញ កសិផលសំខាន់ៗទៅកាន់ប្រទេសចិន នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ មានដូចជា អង្ករ មានចំនួន 88,646តោន, ផ្លែចេកស្រស់ មានចំនួន 98,530.26តោន, ផ្លែស្វាយស្រស់ មានចំនួន 22,244.68តោន និងគ្រាប់ស្វាយចន្ទី មានចំនួន 136.96តោន។
ក្នុងឆ្នាំ២០២២-២០២៤ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកស្នើទៅភាគីមិត្តចិន ដូចតទៅ៖
១៖ វិស័យសុខាភិបាល
* គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ សម្រាប់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ
* គម្រោងប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
* គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។
២៖ អំពីពាណិជ្ជកម្ម និងវិនិយោគ
* ស្នើជំរុញឱ្យវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពក្នុងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន
* ជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យនិង ភូតគាមអនាម័យលើផលិតផលកសិកម្ម មួយចំនួនជាកញ្ចប់តែម្តងជាជាងធ្វើពិធីសារសម្រាប់តែ ផលិតផលមួយមុខៗម្តង
* ស្នើរដ្ឋបាលគយចិន ពន្លឿននីតិវិធីចុះហត្ថលេខាលើពិធីសារអនាម័យ និង ភូតគាមអនាម័យលើផលិត ផលផ្លែមៀន, គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំ ជាដើម
* ស្នើភាគីចិនបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា ៤០ម៉ឺនតោន ដោយរួចពន្ធតាមការសម្រេចរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន
* ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានគោលដៅ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
៣៖ ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង
* សម្រេចលើបញ្ជីគម្រោងជាអាទិភាព សម្រាប់ការអភិវឌ្ឍផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដូចជា៖
ក៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៧
ខ៖ ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ
គ៖ គម្រោងកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ជំហានទី២
ឃ៖ គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹក ជំហានទី៣
ង៖ ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។
៤៖ ក្របខណ្ឌឥណទានសម្បទាន
* សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាព ចំនួន៨ គឺ៖
ក៖ គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
ខ៖ គម្រោងសាងសង់ស្ពានមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ
គ៖ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧
ឃ៖ គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ
ង៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ
ច៖ គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា
ឆ៖ គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+100-វាលរេញ)
ជ៖ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប។
៥៖ វិស័យកសិកម្ម
* ស្នើសុំភាគីចិនជួយជំរុញ និងពន្លឿនកិច្ចសហប្រតិបត្តិការលើកៅស៊ូធម្មជាតិ តាមរយៈការផ្តល់ជំនួយ បច្ចេកទេស និង ពិនិត្យលទ្ធភាពក្នុងការនាំចេញទំនិញកៅស៊ូទៅកាន់ប្រទេសចិន
* ស្នើភាគីចិនពិនិត្យលទ្ធភាពនាំចូលម្រេច និងផ្លែទុរេនកម្ពុជា។
៦៖ ចំពោះវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ
* ស្នើភាគីចិនបន្តនូវគម្រោងជួសជុល ប្រាសាទភិមានអាកាស និងព្រះរាជវាំង អង្គរធំ ឆ្នាំ២០១៩-២០២៩ ស្តារគោបុរៈទី១, ២ និង ទី៣ នៃប្រាសាទព្រះវិហារ ព្រមទំាងផ្តល់ការបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ក្នុង វិស័យខាងលើនេះ
* ស្នើភាគីចិនពិភាក្សាឡើងវិញអំពីគម្រោង one-way and close-loop charted planes for tourists ដើម្បីសម្រួលការធ្វើដំណើររបស់ទេសចរនៃប្រទេសទាំងពីរ និងស្នើឱ្យមានទេសចរចិនមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត
* ស្នើរដ្ឋាភិបាលចិនពិនិត្យលទ្ធភាពដំណោះស្រាយ ដើម្បីឱ្យនិស្សិតនៃប្រទេសទាំងពីរ បានចេញទៅសិក្សា នៅតាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសកម្ពុជា និងចិន ឱ្យបានឆាប់៕