(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំកញ្ចប់ទស្សនកិច្ចជូនប្រជាជននិងភ្ញៀវទេសចរជាក្រុមៗ ដើម្បីធ្វើដំណើរទៅលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស តាមរយៈការអនុវត្តសាកល្បង «បណ្ណដំណើរកម្សាន្ត» រួមចំណែកជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងទទួលទេសចរអន្តរជាតិ។

ក្នុងពិធីបិទសន្និបាតរបស់ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ជូនដល់ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធដទៃទៀត ត្រូវរួមគ្នាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដោយហេតុថាចលនាទេសចរណ៍ផ្ទៃក្នុង គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងបានផ្តល់ឱកាសឱ្យប្រជាជនបានស្គាល់ស្រុកទេស និងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីការដាក់ឱ្យដំណើរការសាកល្បង «បណ្ណដំណើរកម្សាន្ត» ដើម្បីចូលរួមជំរុញលំហូរទេសចរណ៍ផ្ទៃក្នុង ផ្សព្វផ្សាយនិងរៀបចំគោលដៅសុវត្ថិភាពសម្រាប់ទទួលទេសចរអន្តរជាតិ រៀបចំយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍នានាតាមប្រព័ន្ធឌីជីថល អភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ពន្ធរូបវន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៅកម្រិតអនុតំបន់ តំបន់ និងអន្តរជាតិ និងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។

លោក ជួន ជ័យសត្យា ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា «បណ្ណដំណើរកម្សាន្ត» គឺជាកាតបញ្ជាក់អត្តសញ្ញាណមួយរបស់អ្នកប្រើប្រាស់ ដោយមានភ្ជាប់នូវកញ្ចប់ទស្សនកិច្ចក្នុងស្រុករួចជាស្រេច ដែលក្នុងនោះរួមមាន សេវាកម្មធ្វើដំណើរ អាហារ កម្រៃសំបុត្រចូលទស្សនា (ប្រសិនបើមាន) និងសេវាកម្មស្នាក់នៅ។ អ្នកដែលមានសិទ្ធិប្រើប្រាស់បណ្ណ គឺសាធារណជនទូទៅ ប៉ុន្តែបណ្ណនេះមានសុពលភាព១ឆ្នាំ។

លោក ជួន ជ័យសត្យា បានបន្តថា បណ្ណដំណើរកម្សាន្តអាចត្រូវបានប្រើប្រាស់តែនៅតាមបណ្តាសម្បទារទេសចរណ៍ ដែលជាសមាជិកភាពនៃបណ្តាញប្រតិបត្តិករទេសចរណ៍ដែលប្រើប្រាស់ប្រព័ន្ធបណ្ណដំណើរកម្សាន្តស្ថិតនៅកម្ពុជាតែប៉ុណ្ណោះ រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មស្នាក់នៅ និងដឹកជញ្ជូនទេសចរណ៍ ដោយមិនរាប់បញ្ចូលនូវផលិតផល ឬសេវាផ្សេងទៀតក្រៅពីទេសចរណ៍ឡើយ។

លោកបានបន្តទៀតថា អត្ថប្រយោជន៍នៃការអនុវត្តបណ្ណដំណើរកម្សាន្តនេះ៖ ចំពោះអ្នកប្រើប្រាស់អាចទទួលបានការបញ្ចុះតម្លៃក្នុងរង្វង់ ២០% នៃតម្លៃកញ្ចប់ទស្សកិច្ច និងនៅលើការប្រើប្រាស់សេវាកម្ម និងផលិតផលទេសចរណ៍ណាមួយដោយឡែក ចំណេញថវិកា ទទួលបានជម្រើសច្រើន ងាយស្រួលក្នុងការស្វែងរកតំបន់គោលដៅទេសចរណ៍ផ្សេងៗ មានឱកាសចូលរួមដល់កិច្ចការសង្គម បរិស្ថាន និងលើកស្ទួយសហគមន៍ និងអត្ថប្រយោជន៍ដទៃទៀត។ ចំពោះប្រតិបត្តិករទេសចណ៍នឹងទទួលបានអតិថិជនជាប្រចាំ ទទួលបានការផ្សព្វផ្សាយពីអាជីវកម្មកាន់តែទូលំទូលាយ ពង្រីកបណ្តាញរវាងប្រតិបត្តិករទេសចរណ៍និងអតិថិជនលើគេហទំព័រ VISITCAMBODIA.TRAVEL និងនៅលើវេទិកាផ្សព្វផ្សាយផ្លូវការជាតិ និងអន្តរជាតិដទៃទៀតរបស់ក្រសួងទេសចរណ៍ ទទួលបានវិញ្ញាបនបត្រ និងពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ទទួលស្គាល់ប្រតិបត្តិករទេសចរណ៍ដែលមានស្នាដៃឆ្នើមក្នុងចលនាទេសចរណ៍ផ្ទៃក្នុងជារៀងរាល់ឆ្នាំ។

លោកប្រធាននាយកដ្ឋានបានពន្យល់ទៀតថា ការដាក់ឱ្យដំណើរការបណ្ណដំណើរកម្សាន្តនេះ ត្រូវបានរៀបចំជា៣ដំណាក់កាលដូចខាងក្រោម៖

* ដំណាក់កាលទី១៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នឹងអប់រំការយល់ដឹងជាសាធារណៈជាមួយអ្នកសម្របសម្រួលដាក់ឱ្យដំណើរការបណ្ណដំណើរកម្សាន្តនេះ ដោយការចុះឈ្មោះប្រើប្រាស់បណ្ណ គឺមិនត្រូវបានគិតថ្លៃក្នុងរយៈពេល១ឆ្នាំដំបូង។ លោក ជួន ជ័យសត្យា បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងចែកបណ្ណដំណើរកម្សាន្តនេះជូនប្រជាជនដោយឥតគិតថ្លៃ។

* ដំណាក់កាលទី២៖ ការសិក្សា និងផ្តល់លទ្ធភាពដល់ផ្នែកឯកជនក្នុងការអនុវត្ត និងស្វែងរកដៃគូឱ្យកាន់តែទូលាយ ដែលធ្វើឡើងក្រោមការត្រួតពិនិត្យពីក្រសួងទេសចរណ៍។ សិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័ននោះ គឺមានចែងលម្អិតក្នុងកិច្ចព្រមព្រៀងស្តីពីការជំរុញ គាំទ្រ និងធានាដាក់ឱ្យដំណើរការបណ្ណដំណើរកម្សាន្ត។ ក្នុងដំណាក់កាលនេះ បណ្ណដំណើរកម្សាន្តនឹងធ្វើការលក់ក្នុងតម្លៃកំណត់ណាមួយ។ នៅពេលក្រសួងប្រគល់ការអនុវត្ត «បណ្ណដំណើរកម្សាន្ត» ទៅឱ្យស្ថាប័នឯកជន ស្ថាប័នទាំងនោះនឹងអាចពង្រីកដៃគូសហការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍បន្ថែមទៀត។ នៅពេលក្រសួងទេសចរណ៍ប្រគល់ការងារផ្ដល់បណ្ណទៅឱ្យឯកជន នោះការទទួលបានគឺនឹងត្រូវបង់ថ្លៃសេវាតិចតួច ដើម្បីទ្រទ្រង់ការងាររដ្ឋបាលនៃការផ្ដល់បណ្ណដំណើរកម្សាន្តនេះ។ តែទោះជាយ៉ាងណា ក្រសួងទេសចរណ៍នឹងពិភាក្សាជាមួយស្ថាប័នឯកជនដែលទទួលការងារផ្ដល់បណ្ណនេះនាពេលក្រោយទៀត។

* ដំណាក់កាលទី៣៖ អ្នកប្រើប្រាស់អាចស្វែងរកទិញបណ្ណដំណើរកម្សាន្តនេះពីស្ថាប័នសម្របសម្រួល និងចាត់ចែងអនុវត្ត ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ឬតាមរយៈស្ថាប័ន-គ្រឹះស្ថានសិក្សា ឬតាមរយៈស្ថាប័នបម្រើការងាររបស់ខ្លួន។ បណ្ណដំណើកម្សាន្តនេះនឹងរួមបញ្ចូលនូវតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋាន និងគោលដៅទេសចរណ៍ធំៗដែលមានដទៃទៀត (សារមន្ទីរជាតិ ព្រះបរមរាជវាំង...)។

បើតាមលោក ជួន ជ័យសត្យា កន្លងមក ក្រសួងទេសចរណ៍ក៏បានដឹកនាំការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃថោកសមរម្យជូនភ្ញៀវទេសចរ សិស្ស និស្សិត ប្រជាជនទូទៅច្រើនលើកមកហើយ គ្រាន់តែមិនទាន់ប្រើប្រាស់ឈ្មោះថា «បណ្ណដំណើរកម្សាន្ត» នេះជាផ្លូវការ។ តួយ៉ាង នៅពេលមួយខែមុន ក្រសួងបានរៀបចំកញ្ចប់ទស្សនកិច្ចជូននិស្សិតសាកលវិទ្យាទៅកាន់ខេត្តកំពត ដែលមានការស្នាក់នៅរីស៊តលំដាប់ខ្ពស់មួយនៅក្នុងខេត្តនេះ ដើរទស្សនាចម្ការម្រេច និងដំណាំផ្សេងទៀត។ ការធ្វើដំណើរ ការហូបចុក និងការទិញសម្ភារទំនិញផ្សេងៗ គឺសុទ្ធតែមានការបញ្ចុះតម្លៃយ៉ាងពិសេស។

លោកបានលើកឧទាហរណ៍ថា «ប្រសិនបើតម្លៃធម្មតា គឺមួយកញ្ចប់ទស្សនកិច្ចនោះតម្លៃ៦៩ដុល្លារ ប៉ុន្តែនៅពេលក្រសួងសហការជាមួយដៃគូតាមរយៈបណ្ណដំណើរកម្សាន្តនោះ តម្លៃនៅសល់តែ៣៩ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល១យប់១ថ្ងៃ គេងនៅរីស៊តស្ដង់ដាខ្ពស់ដែរ បូករួមទាំងការហូបចុក ស្នាក់នៅ ធ្វើដំណើរ គឺគ្របដណ្ដប់ទាំងអស់»

លោកបានបន្តទៀតថា ក្រសួងទេសចរណ៍នឹងរៀបចំជា Sticker បិទឬតាំងនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលជាដៃគូសហការតាមរយៈបណ្ណដំណើរកម្សាន្តនេះ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលឃើញឬដឹងថា ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃពីហាងនីមួយៗនោះតាមរយៈបណ្ណដំណើរកម្សាន្ត។

គួរជម្រាបថា កន្លងមក ធ្លាប់មានមូលដ្ឋានអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការជាមួយក្រសួងទេសចរណ៍ប្រមាណជាង៣០០មូលដ្ឋានអាជីវកម្ម ដូចជានៅរាជធានីភ្នំពេញចំនួន៦៦កន្លែង ខេត្តព្រះសីហនុចំនួន៧៦កន្លែង ខេត្តសៀមរាបចំនួន១៦៦កន្លែង ប៉ុន្តែដោយសារឆ្លងកាត់វិបត្តិកូវីដ១៩ ចំនួននេះក៏មានការប្រែប្រួល ព្រោះដោយសារអាជីវកម្មខ្លះត្រូវបានបិទ ឬផ្អាកបណ្ដោះអាសន្នផងដែរ៕