(ភ្នំពេញ)៖ រយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំទី១ របស់អាស៊ាន ចំណែកសហរដ្ឋអាមេរិក ក៏ក្លាយជាដៃគូពាណិជ្ជកម្មធំទី២ របស់អាស៊ានផងដែរ។ អាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំទី៥ របស់ចិន និងអាមេរិកដូចគ្នា ដូច្នេះតាមរយៈទំហំពាណិជ្ជកម្មនេះ បញ្ជាក់ថាអាស៊ាន គឺជាចំណុចដ៏សំខាន់នៃទីផ្សារសេដ្ឋកិច្ចដ៏សំខាន់រវាងមហាអំណាចទាំងពីរ។
កិច្ចកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅក្នុងចន្លោះចិន និងអាមេរិក ក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «អាស៊ានមានប្រជាជនជិត ៧០០លាននាក់ និងជាប្រជាជនមានវស័យក្មេង ដែលអាចបំពេញកម្លាំងពលកម្ម ដែលក្លាយជាសក្តានុពលយ៉ាងសំខាន់ ខាងផ្នែកទីផ្សារនៃទំនិញរបស់ប្រទេសទាំងពីរ»។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ក្រៅពីមនោគមន៍វិជ្ជានយោបាយ ប្រទេសចិន បានពង្រីកឥទ្ធិពលស្រទន់របស់ខ្លួនតាមរយៈភាសា វប្បធម៌ ផលិតផល ម្ហូបអាហារ ជាក់ស្តែងនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ទីតាំងណាក៏សម្លឹងឃើញផលិតផលរបស់ចិន ចាក់ចូលជ្រៅក្នុងបេះដូងរបស់ប្រជាជនអាស៊ាន។
ប៉ុន្តែជុំវិញការការប្រកួតប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ លោកបណ្ឌិត គិត ភា បានឱ្យដឹងថា ចិន និងអាស៊ាន ជាអ្នកជិតខាង ដូច្នេះចិនមិនចង់ឱ្យមានប្រទេសមហាអំណាចណាមួយដាក់ឥទ្ធិពលខ្លាំង នៅបណ្តាប្រទេសក្បែរខាងរបស់ខ្លួននោះទេ។ ចំណែកសហរដ្ឋអាមេរិក ក៏មិនបណ្តោយឱ្យចិន គ្រប់គ្រងភូមិសាស្ត្រអាស៊ីអាគ្នេយ៍ ដែលនាំឱ្យឥទ្ធិពលរបស់ចិនកាន់តែរីកធំសម្បើម។
ជាមួយគ្នានេះលោកបណ្ឌិត គិន ភា បានថ្លែងថា អាស៊ាន នៅក្នុងចន្លោះការប្រកួតប្រជែងរវាងមហាអំណាចិន និងអាមេរិក គឺតែងតែទាញប្រទេសតូចៗ ឬអង្គការតំបន់តូចៗឱ្យមកនៅខាងខ្លួន ហើយធ្វើឱ្យតំបន់អាស៊ាន កំពុងតែស្ថិតនៅត្រង់ចំណុចនេះជាដើម។
បើតាមលោក ពុយ គា ជាអ្នកសារព័ត៌មានជើងចាស់ និងជាប្រធានអ្នកឆ្លងឆ្លើយឱ្យទីភ្នាក់ងារសារព័ត៌មានក្យូដូ បានលើកឡើងថា អាស៊ានមិនអាចខ្វះចិន និងសហរដ្ឋអាមេរិកទេ ព្រោះប្រទេសទាំងពីនេះ ជាទីផ្សាសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន ដែលមិនអាចខ្វះមួយណាបាន។
តាមរយៈកិច្ចពិភក្សានេះ លោក ពុយ គា បានគូសបញ្ជាក់ថា៖ «អាស៊ានថ្នាក់ថ្នមចិន បើទោះបីជាស្រលាញ់អាមេរិក។ ប៉ុន្តែគាត់ថ្នាក់ថ្នមចិនដោយសារសេដ្ឋកិច្ច អាស៊ានមិនអាចគ្មានចិន ហើយក៏មិនអាចគ្មានអាមេរិកដែរ និយាយមួយបែបចិននិងអាមេរិក ប្រៀបបានដូចឪពុកម្តាយ»។
លោក ពុយ គា បានបន្តថា ចិនជាប្រទេសមួយ ដែលមានកម្លាំងទ័ពច្រើន ហើយមួយវិញទៀត ក៏ជាទីផ្សារនាំចេញយ៉ាងសំខាន់សម្រាប់អាស៊ាន ផងដែរ។ រីឯសហរដ្ឋអាមេរិកវិញ ជាប្រទេសមានសព្វាវុធទំនើបៗ ហើយក៏ជាប្រទេសមហាអំណាចលើពិភពលោកដែរ ដែលជាហេតុធ្វើឱ្យអាស៊ានមិនអាចខ្វះប្រទេសមួយណាបានក្នុងចំណោមប្រទេសទាំងពីរនេះ៕