(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំមន្រ្តី ជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារលោកវរសេនីយ៍ត្រី សោ សាវង់ នាយរងការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកតែងតែយកចិត្តទុកដាក់ពីដល់កងកម្លាំងនគរបាល តាមមូលដ្ឋាននានា និងផ្ដាំផ្ញើសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ។
ជាមួយគ្នានេះ លោកស្នងការ ក៏ថ្លែងចូលរួមសោកស្ដាយយ៉ាងពន់ពេកចំពោះទុក្ខសោកកើតមានឡើងលើក្រុមគ្រួសារលោក សោ សាវង់ យ៉ាងផ្ទួនៗ ដោយការបាត់បង់ហេដ្ឋាន ទ្រព្យសម្បត្ដិ វត្ថុមានតម្លៃ មិនត្រឹមតែប៉ុណ្ណោះលោកត្រូវបានបាត់បង់លោកឪពុកជាទីស្រឡាញ់ថែមទៀតផង។
ក្នុងនោះលោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ។
ក្នុងឱកាសសួរសុខទុក្ខលោកស្នងការ និងក្រុមការងារបាន ប្រគល់អង្ករ ២០០គីឡូក្រាម ថវិកាចំនួន ដើម្បីចូលរួមសម្រាលដោះស្រាយជីវភាពជាប្រចាំថ្ងៃ និងជូនថវិកាលោកគ្រូ អ្នកគ្រូ បងប្អូន លោកយាយ លោកតា ប្រជាការពារ សរុបថវិកា ២២,៥៥០,០០០រៀល។
លោក សោ សាវង់ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអស់លោក លោកស្រី ដែលចំណាយពេលវេលាដ៏មានតម្លៃចុះសាកសួរសុខទុក្ខឧបត្ថម្ភ សម្ភារ ថវិកា ដល់ក្រុមគ្រួសារលោកផងដែរ៕