(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងអាជ្ញាធរឃុំកំពង់ចិនជើង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពសាងសង់ផ្លូវបេតុងពីរខ្សែ ស្ថិតនៅក្នុង ឃុំកំពង់ចិនជើងមួយខ្សែ និងនៅឃុំក្នុងកំពង់ចិនត្បូងមួយខ្សែ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោក សាយ គឹឡម បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជួយថែរក្សាសមិទ្ធផលនានាទាំងចាស់ទាំងថ្មី ដើម្បីគុណភាពនិងសោភ័ណភាពផងដែរ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីឲ្យផ្លូវឬសំណង់នានាមានគុណភាពបានល្អមាំទាំ និងមានសោភ័ណភាពនោះទាល់តែមានការចូលរួមសហការពីគ្រប់អ្នកពាក់ព័ន្ធពិសេសគឺបងប្អូនប្រជាពលរដ្ឋ។
លោកក៏បានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូង ត្រូវជួយតាមដានត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដល់ក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវនេះនិងបានណែនាំដល់ក្រុមហ៊ុនដែលកំពុងសាងសង់ត្រូវសាងសង់ផ្លូវនេះប្រកប
ដោយបទដ្ឋានបច្ចេកទេសកិច្ចសន្យា និងពេលវេលាឲ្យបានឆាប់រហ័សផងដែរ។
លើសពីនេះទៀតអភិបាលស្រុកស្ទោង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ សូមជួយថែរក្សាប្រព័ន្ធលូពិសេស កុំដាក់សំរាមឬកាកសំណល់ផ្សេងៗដែលអាចបណ្តាលឲ្យកកស្ទះដល់ប្រព័ន្ធលូរំដោះទឹកដែលជាហេតុ នាំឲ្យមានការឆាប់ខូច សំណង់ឬផ្លូវជាដើម ហើយសំរាមទាំងនោះវាក៏បង្កជាផលរំខានដល់បរិស្ថាននិងក្លិនមិនល្អផងដែរ។
ជាថ្មីម្តងទៀតលោកក៏បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋសប្បុរសជននានានៅក្នុងស្រុកស្ទោងសូមជួយដល់រដ្ឋបាលស្រុកស្ទោងនិងអាជ្ញាធរភូមិឃុំក្នុងការអភិវឌ្ឍកសាង ស្ថាបនាទីរួមស្រុកស្ទោង និងការដាក់បំពាក់នៅ សូឡាថ្មីៗ ថែមទៀត នៅក្នុងឃុំកំពង់ចិនជើងឃុំកំពង់ចិនត្បូងនិងឃុំទ្រាដែលលោកនឹងរៀបចំក្នុងពេលឆាប់ឆាប់នេះ។
លោកបានណែនាំផងដែរ ដល់អាជ្ញាធរភូមិឃុំក៏ដូចជាជំនាញបច្ចេកទេសនានា ត្រូវធ្វើការណែនាំ និងជូនដំណឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ធ្វើការសុំច្បាប់អនុញ្ញាតដើម្បីធ្វើការសាងសង់ សំណង់ផ្សេងៗក៏ដូចជាលំនៅឋានជាដើម។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានសំណូមពរដោយទទូច សូមប្រជាពលរដ្ឋទូទាំងស្រុកស្ទោងអញ្ជើញទៅចាក់វ៉ាក់សាំងដូសមូលដ្ឋានដូសជំរុញទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់គ្រប់គ្នាដើម្បីចៀសផុតពីការឆ្លងនៃមេរោគកូវីដ។ លោកបន្តថា លោកមិនចង់ឃើញប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងរងគ្រោះសាជាថ្មី ឬបាត់បង់ជីវិតដោយសារកូវីដ១៩ទៀតទេ៕