(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម រៀបចំសិក្ខាសាលាចំនួន២ គឺនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ សិក្ខាសាលាមានប្រធានបទ ប្រាក់ឈ្នួលបន្ថែមម៉ោងចំថ្ងៃបុណ្យជាតិ ប្រាក់ឈ្នួលការងារវេនយប់ បទបញ្ញតិ្តទាក់ទងការធ្វើកូដកម្ម និងនីតិវិធីដោះស្រាយវិវាទក្រុមប្រឹក្សាអាជ្ញាកណ្តាល និងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សិក្ខាសាលាមានប្រធានបទ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
សិក្ខាសាលាទាំងពីរនេះ បានប្រប្រឹត្តទៅនៅសាលប្រជុំ FACTORY PHNOM PENH ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋវីដេអូហ្សូម (Zoom) ពីសំណាក់សមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា តាមបណ្តា រោងចក្រ សហគ្រាស និងអ្នកវិនិយោគមួយចំនួនផងដែរ។
គោលបំណងនៃការប្រារព្ឋសិក្ខាសាលានេះ គឺដើម្បីចែករំលែក និងផ្សព្វផ្សាយជូនដល់បងប្អូន កម្មករនិយោជិត សមាជិក សមាជិកា និងអ្នកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ បានយល់ដឹងលម្អិតបន្ថែមពីបច្ចុប្បន្នភាពច្បាប់ វិសោធនកម្មច្បាប់ អនុក្រម និងអនុក្រឹតថ្មីៗ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹង បង្កើនប្រសិទ្ឋភាពការអនុវត្តបទបញ្ញតិ្តផ្សេងៗ ដើម្បីឲ្យអនុលោមទៅតាមច្បាប់ដូចមានចែងជាធរមាន។
គួរបញ្ជាក់ផងដែរថា អនុក្រឹតច្បាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន យោងតាមសេចក្តីប្រកាសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខៈ១៧០/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ កំណត់កាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទានផ្នែកប្រាក់សោធននេះ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២តទៅ៕