(ភ្នំពេញ)៖ ជាមួយនឹងការប្រកួតប្រជែងគ្នារវាងមហាអំណាចពិភពលោកអាមេរិក និងចិន នៅក្នុងតំបន់អាស៊ាន បានក្លាយជាប្រធានបទយ៉ាងក្តៅសម្រាប់តំបន់អាស៊ាន ជាពិសេសប្រទេសដែលកំពុងតែមានជម្លោះជាមួយចិន និងប្រទេសទទួលផលប្រយោជន៍សេដ្ឋកិច្ចពីមហាអំណាចទាំងពីរ។ បច្ចុប្បន្ននេះអាស៊ាន បានដើរតួនាទីជាអង្គការតំបន់មានទឹកប្រៃដោះស្រាយបញ្ហាធំៗនៅក្នុងតំបន់ ព្រមទាំងជាតំបន់ដែលមានសេដ្ឋកិច្ច រីកចម្រើនមួយក្នុងពិភពលោក។
តាមរយៈកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅក្នុងចន្លោះចិន និងអាមេរិក ក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា អាស៊ានមិនបានក្តោបមហាអំណាចណាមួយនោះទេ ប៉ុន្តែ អាស៊ានត្រូវការឱកាសដើម្បីផលប្រយោជន៍ និងមិនឱ្យអាស៊ានក្លាយជាទីលានរបស់មហាអំណាចនៃពិភពលោកនោះទេ។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយបានធ្វើឱ្យកម្ពុជា និងតំបន់អាស៊ាន មានការលំបាក ប៉ុន្តែតំបន់អាស៊ាន គឺគ្មានមហាអំណាចណាជាបងធំនោះទេ។ អាស៊ានគ្មានអ្នកណាមួយចាត់តែជោគវាសនារបស់ខ្លួននោះទេ ពីព្រោះអាស៊ានមានធម្មនុញ្ញរួមជាមួយគ្នា។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តយ៉ាងដូច្នេះថា៖ «អាស៊ាន គឺជាភាពទន់ខ្សោយនៅក្នុងបរិបទចន្លោះរវាងចិន និងអាមេរិក ដូច្នេះសម្រាប់កម្ពុជា ដែលកំពុងតែដើរលើផ្លូវផ្កាចម្រុះពណ៌ គឺជាការត្រឹមត្រូវខ្លាំងណាស់ ហើយកម្ពុជា មិនមែនជាតាបប៊ីយ៉ែរទេ ប៉ុន្តែកម្ពុជានឹងក្លាយខ្លួនជាអ្នកដើរដោះស្រាយបញ្ហា ហើយអាស៊ាន គ្មានអ្នកណាធំជាងអ្នកណានោះទេ»។
បើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អាស៊ាន នៅក្នុងចន្លោះការប្រកួតប្រជែងរវាងមហាអំណាចិន និងអាមេរិក គឺតែងតែទាញប្រទេសតូចៗ ឬអង្គការតំបន់តូចៗឱ្យមកនៅខាងខ្លួន ហើយធ្វើឱ្យតំបន់អាស៊ាន កំពុងតែស្ថិតនៅត្រង់ចំណុចនេះជាដើម។
លោកបណ្ឌិត គិន ភា បានថ្លែងថា សម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនេះ គឺខាងសហរដ្ឋអាមេរិក អាស៊ានអាចជាខែលរក្សាតុល្យភាពអំណាចរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើយ៉ាងណាកុំឱ្យឥទ្ធិពលចិន ឡើងខ្លាំងពេកនៅអាស៊ីអាគ្នេយ៍។ ចំណែកចិន បានចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួន ដោយប្រើប្រាស់អំណាចស្រទន់របស់ខ្លួន តាមរយៈអនុវត្តនយោបាយឈ្នះឈ្នះ ពង្រីកឥទ្ធិពលរបស់ខ្លួន ដោយឱ្យតម្លៃលើការអភិវឌ្ឍ សេដ្ឋកិច្ច ចៀសជាងមនោគមន៍វិជ្ជានយោបាយ។
លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា៖ «អាស៊ាននៅក្នុងចំណុចទីតាំងភូមិសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលតភ្ជាប់ពីមហាសមុទ្រឥណ្ឌា ទៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយសំខាន់គឺសមុទ្រចិន ដែលជាច្រកដ៏សំខាន់មួយ ដែលសមាជិកអាស៊ាន បានក្របដណ្តប់រហូតដល់៣ភាគរយ នៃពិភពលោក ដូច្នេះ តាមរយៈទីតាំងភូមិសាស្ត្រនេះ ជាមជ្ឈមណ្ឌលដ៏សំខាន់របស់មហាអំណាចទាំងពីរ»។
ត្រង់ចំណុចនេះ អ្នកជំនាញលើកិច្ចការអន្តរជាតិរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គឺអាស៊ាន គ្មានហេតុផលអ្វី ត្រូវជ្រើសរើសមហាអំណាចមួយ ជំនួសមហាអំណាចមួយនោះទេ ហើយក៏មិនអាចចូលរួមជាមួយមហាអំណាចមួយ ដើម្បីប្រឆាំងមហាអំណាចមួយទៀតបានដែរ។ អាស៊ានត្រូវតែជៀសឱ្យបានចំពោះបញ្ហាទាំងនេះ ដោយត្រូវប្រកាន់យកជំហរអព្យាក្រឹត្យ ដើម្បីធ្វើយ៉ាងណាកុំឱ្យអាស៊ាន ក្លាយជាទីតាំងឥទ្ធិពលផ្ដាច់មុខរបស់មហាអំណាចណាមួយ ហើយអាស៊ានក៏មិនមែនជាកូនអុករបស់មហាអំណាចផងដែរ»។
បើតាមលោក ពុយ គា ជាអ្នកសារព័ត៌មានជើងចាស់ និងជាប្រធានអ្នកឆ្លងឆ្លើយឱ្យទីភ្នាក់ងារសារព័ត៌មានក្យូដូ បានលើកឡើងថា៖ «អាស៊ាន ថ្នាក់ថ្នមចិន បើទោះបីជាសមាជិកអាស៊ានភាគច្រើនស្រឡាញ់សហរដ្ឋអាមេរិក ប៉ុន្តែ ថ្នាក់ថ្នមចិន ក៏ព្រោះបញ្ហាសេដ្ឋកិច្ច ដូច្នេះ អាស៊ាន មិនអាចអត់ចិន និងមិនអាចអត់សហរដ្ឋអាមេរិក បានដែរ។ និយាយមួយបែបអាចនិយាយបានថា សហរដ្ឋអាមេរិក និងចិន ប្រៀបបាននឹងឪពុក ម្តាយ របស់អាស៊ាន ដូច្នេះ អាស៊ានត្រូវការប្រទេសទាំងពីរនេះជាចាំបាច់»។
បន្ថែមពីនេះលោក ពុយ គា បានលើកឡើងថា អាស៊ានមិនអាចខ្វះចិន និងសហរដ្ឋអាមេរិកទេ ព្រោះប្រទេសទាំងពីនេះ ជាទីផ្សាសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន ដែលមិនអាចខ្វះមួយណាបាន។
លោក ពុយ គា បានបន្តថា ចិនជាទីផ្សារនាំចេញយ៉ាងសំខាន់សម្រាប់អាស៊ាន។ រីឯសហរដ្ឋអាមេរិក ជាប្រទេសមានសព្វាវុធទំនើបៗ ហើយក៏ជាប្រទេសមហាអំណាចលើពិភពលោក ដែលជាហេតុធ្វើឱ្យអាស៊ានមិនអាចខ្វះប្រទេសមួយណាបានក្នុងចំណោមប្រទេសទាំងពីរនេះ៕