(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យអាជ្ញាធរឃុំសង្កាត់នីមួយៗ ដែលនៅក្នុងតំបន់របស់ខ្លួន មានការធ្វើអាជីវកម្មរ៉ែ ដាក់សំណើរមកក្រសួងរ៉ែ និងថាមពល ស្នើសុំថវិកាពីមូលនិធិរ៉ែ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ខណៈបច្ចុប្បន្ននេះមូលនិធិនេះ សល់ថវិកាប្រមាណជា៨លានដុល្លារទៀត។
លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ត្រូវបានបង្កើតឡើង ដើម្បីឱ្យក្រុមហ៊ុនដែលធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅតំបន់ណាមួយបង់ថវិកាចូលមូលនិធិ សម្រាប់យកទៅប្រើប្រាស់អភិវឌ្ឍឃុំសង្កាត់ ជាប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាន។ អាជ្ញាធរឃុំសង្កាត់ណា ក៏អាចដាក់សំណើរបានដែរ ឱ្យតែតំបន់នោះ មានការធ្វើអាជីវកម្មរ៉ែ។
លោកបញ្ជាក់ថា ថវិការបស់មូលនិធិនេះ គ្មានអ្នកណា ឬស្ថាប័នណាអាចមានសិទ្ធិយកទៅប្រើប្រាស់បានឡើយ ក្រៅពីអាជ្ញាធរឃុំសង្កាត់ យកទៅអភិវឌ្ឍន៍ ភូមិ ឃុំរបស់ខ្លួន ដូចជាអភិវឌ្ឍន៍លើផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្តលូ មណ្ឌលសុខភាព ឬសាលារៀនជាដើមដើម្បីបម្រើផលប្រយោជន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ផ្លូវប្រវែង១៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ដែលប្រើប្រាស់ថវិកាពីមូលនិធិនេះប្រមាណជាង៣០ម៉ឺនដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
លោកបន្តថា «បានន័យថា នៅមានការធ្វើអាជីវកម្មរ៉ែនៅកន្លែងណា ក្រុមហ៊ុនត្រូវបង់មូលនិធិរ៉ែ ក្នុងនោះកំណត់ថាក្នុងមួយម៉ែត្រនៃដី ឬខ្សាច់ ឬថ្ម ដែលក្រុមហ៊ុននោះធ្វើអាជីវកម្ម ឬយកទៅលក់ ត្រូវបង់ចូលមូលនិធិរ៉ែសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍ ៥សេនដុល្លារក្នុងមួយម៉ែត្រគីប អីចឹងលុយហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃវាកើនឡើង ក្លាយជាកញ្ចប់ថវិកាមួយ ដែលខាងឃុំអាចធ្វើលិខិតមករដ្ឋមន្រ្តីក្រសួងរ៉ែ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន»។
លោកបានឱ្យដឹងថា បច្ចុប្បន្នមូលនិធិនេះ នៅសល់ថវិកាប្រមាណជាង ៨.១៥លានដុល្លារទៀត ដែលអាជ្ញាធរឃុំ សង្កាត់នីមួយៗ អាចដាក់សំណើរយកទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន។
មូលនិធីរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណងបង្កើនសុខដុមនីយកម្មរវាងសហគមន៍មូលដ្ឋានជាមួយនឹងការដ្ឋានរ៉ែ តាមរយៈការផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោលជូនដល់សហគមន៍មូលដ្ឋាន ដែលមានប្រតិបត្តិការធនធានរ៉ែ។ ជាគោលការណ៍មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន៤ប្រភេទធំៗ ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទឹកប្រើប្រាស់ ការងារអប់រំ និងគម្រោងនានាពាក់ព័ន្ធទៅនឹងសុខុមាលភាពសហគមន៍មូលដ្ឋាន។
ចាប់ពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ននេះ ការអនុវត្តគម្រោងអភិវឌ្ឍន៍ដោយប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់ កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានបានចំនួន៣៣គម្រោង ដែលបានប្រើប្រាស់ថវិកាចំនួនជាង ១.៤៥លានដុល្លារ និងកំពុងបន្តអនុវត្តគម្រោងបន្តចំនួន៣៦គម្រោងទៀត ដោយគ្រោងប្រើប្រាស់ថវិកា ជាង៩៥ម៉ឺនដុល្លារ ៕