(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក សាន្ត ប៊ុនធឿន ហើយ។ នេះបើតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមប្រកាសនេះ បានឱ្យដឹងថា ការលុបអាជ្ញាបណ្ណផ្សព្វផ្សាយលើគេហទំព័រ www.sbtpost.com ដោយសារតែ លោក សាន្ត ប៊ុនធឿន ប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញប្រកាសលុបឈ្មោះ វរសេនីយ៍ត្រី សាន្ដ ប៊ុនធឿន ជំនួយការបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទដូចគ្នាផងដែរ។
ក្នុងប្រកាស និងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួល បាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ សុទ្ធតែបានបញ្ជាក់ដូចគ្នាថា ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ដោយសារតែល្មើសច្បាប់ស្ដីពីលក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕