(ភ្នំពេញ)៖ លោកបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិតនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ប្រជាជនកម្ពុជាគ្រប់រូប ត្រូវតែទទួលបានការសិក្សាមួយពេញលេញ និងពេញមួយជីវិត ដើម្បីពង្រឹងសមត្ថភាពលើផ្នែកចំណេះដឹង និងការអភិវឌ្ឍ ដែលកើតមាននាពេលបច្ចុប្បន្ន ដើម្បីជួយដល់ខ្លួនឯង និងក្រុមគ្រួសារ។
លោកបណ្ឌិត ឌី សមស៊ីដេត បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្សាសកលសម្រាប់ការ សិក្សា និងការអប់រំរបស់មនុស្សពេញវ័យ (CG) ដែលបានរៀបចំឡើងនៅសណ្ឋាគារ Cambodianna និងដោយមានការចូលរួមពីលោក ចឹក លីម អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ពៅ វណ្ណា នាយិកាអង្គការឌី វី វី អន្តរជាតិប្រចាំប្រទេសកម្ពុជា, លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ រួមទាំងវាគ្មិន និងសិក្ខាកាមជាច្រើនរូបទៀត។
លោកបណ្ឌិត បានបន្ថែមថា ទាក់ទងនឹងការសិក្សា និងការអប់រំរបស់មនុស្សពេញវ័យ ក៏ជាផ្នែកមួយដ៏សំខាន់នៃការសិក្សាពេញមួយជីវិត ដែលវាជាជម្រើសមួយ នៃការបង្កើនសមត្ថភាពមនុស្សពេញវ័យ ឱ្យមានឱកាសចូលរួមកាន់តែពេញលេញក្នុងការដោះស្រាយឧបសគ្គនានា ដែលរួមទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលកើតមាននាពេលបច្ចុប្បន្ន។
លោកបណ្ឌិត ឌី សមស៊ីដេត បានបញ្ជាក់ទៀតថា កម្មវិធីសិក្សាសកលសម្រាប់ការសិក្សា និងការអប់រំរបស់មនុស្សពេញវ័យ (CG) គឺជាការចូលរួមចំណែកក្នុងការពង្រឹង គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ដែលជាគោលនយោបាយសំដៅទៅលើ ប្រជាពលរដ្ឋគ្រប់វ័យទាំងអស់ ដែលត្រូវទទួលបានការសិក្សាពេញលេញ ដើម្បីឱ្យពួកគាត់ទទួល បានការអភិវឌ្ឍខ្លួនឯង ក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច ជួយដល់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។
លោកស្រី ពៅ វណ្ណា បានឱ្យដឹងដែរថា នៅក្នុងបរិបទនៃការរីកចម្រើនលើផ្នែកបច្ចេកវិទ្យា ការសិក្សាក៏បានវិវឌ្ឍន៍យ៉ាងលឿន ជាក់ស្តែងក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ទាក់ទងការសិក្សា អង្គការឌី វី វី បានរៀបចំសាកល្បងដោយជ្រើសរើសយកមជ្ឈមណ្ឌលសហគមន៍ចំនួន ៥ និងការសិក្សាសម្រាប់យុវជនចំនួន ៥ផ្សេងទៀត ដើម្បីកែប្រែឲ្យក្លាយទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដោយសិក្សាតាមបែបឌីជីថល ក្នុងនោះជាលទ្ធផលយើងសង្កេតឃើញថា ការសិក្សាតាមបែបឌីជីថល ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងវិស័យអប់រំ។
ជាមួយគ្នានោះដែរលោក ចឹក លីម បានឱ្យដឹងដែរថា សម្រាប់យុវជននៅក្នុងសម័យសន្តិភាពនេះ គឺមានឱកាសច្រើន មានលទ្ធភាព និងមធ្យោបាយក្នុងការអភិវឌ្ឍ ចំណេះដឹង និងជំនាញដោយនៅក្នុងយុគសម័យថ្មីបានបង្ករលក្ខណៈងាយស្រួល មិនថាការសិក្សាដោយផ្ទាល់ ឬតាមឌីជីថលឡើយ ដោយយុវជនអាចចាប់យកឱកាស សិក្សាគ្រប់បែបយ៉ាង ដើម្បីទទួលបានចំណេះដឹង និងអាចឈានចូលក្នុងទីផ្សារការងារផងដែរ។
លោកបណ្ឌិត សុខ សូត្រ បានឱ្យដឹងដែរថា ការសិក្សាពេញមួយជីវិត មនុស្សពេញវ័យត្រូវចេះរបៀបរៀន ដែលផ្ដើមពីការរៀន ពីបទពិសោធជីវិតផ្ទាល់ខ្លួន ក្នុងជីវភាពប្រចាំថ្ងៃ។ ការរៀនចែកចេញជាការរៀនតាមបែបធម្មជាតិ ការរៀនបែបឆ្លុះបញ្ចាំង ការរៀនបែបអនុវត្ត និងការរៀនភ្ជាប់នឹងជីវិតខ្លួន។ មនុស្សពេញវ័យ ក៏គួររៀនពីក្មេង ហើយក្មេងគួររៀនពីមនុស្សពេញវ័យដូចគ្នា ដើម្បីធ្វើការនិងរស់នៅជាមួយគ្នាឱ្យបានប្រសើរ។ គ្រប់គ្នាគួរបើកចិត្តរៀនជាប្រចាំ ដោយការអនុវត្តផ្ទាល់ ហើយបន្តចែករំលែកគ្នា។
ជាមួយគ្នានោះដែរលោក គួច គូលំអ បានឱ្យដឹងដែរថា សម្រាប់ការងារអប់រំមនុស្សពេញវ័យ ដែលនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ បានអនុវត្តន៍លើកម្មវិធីអក្ខរកម្ម សម្រាប់មនុស្ស ពេញវ័យ ដែល ធ្វើឡើងតាមបែបឌីជីថល ក៏បាន ជួយកែប្រែជីវភាពគ្រួសារ និងការសម្រេចចិត្តរបស់កម្មកររោងចក្របានកាន់តែប្រសើរ ហើយមនុស្សពេញវ័យក៏អាចរៀន តាមមធ្យោបាយនានា និងដកពិសោធដើម្បីដោះស្រាយបញ្ហារបស់ខ្លួនបានផងដែរ។
សូមបញ្ជាក់ដែរថា កម្មវិធីសិក្សាសកលសម្រាប់ការសិក្សា និងការអប់រំមនុស្សពេញវ័យ (CG) គឺជាកម្មវិធីសិក្សាមួយដែលមានក្របខណ្ឌជាលក្ខណៈម៉ូឌុលផង និងផ្អែក តាមសមត្ថភាពផង សម្រាប់បណ្តុះបណ្តាលអ្នកអប់រំមនុស្សពេញវ័យនៅទូទាំងពិភពលោក។ កម្មវិធីសិក្សានេះផ្អែកលើសសរស្តម្ភសំខាន់ៗរួមមាន៖ កម្មវិធីបណ្តុះបណ្តាល គ្រូឧទ្ទេសដែលមានស្រាប់របស់គម្រោងដែលបានសហការ និងស្ម័គ្រចិត្តជួយកិច្ចការនេះ, ប្រព័ន្ធនិងស្តង់ដាគុណវុឌ្ឍិជាតិ សម្រាប់អ្នកអប់រំមនុស្សពេញវ័យ ដែលមានស្រាប់នានា, ស្តង់ដាសមត្ថភាពកម្រិតឆ្លងប្រទេស/ អន្តរជាតិ សម្រាប់អ្នកអប់រំមនុស្សពេញវ័យ ដែលកើតឡើងចេញពីក្របខណ្ឌគម្រោង និងការស្រាវជ្រាវ របស់សហភាពអឺរ៉ុប៕