(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុក វត្តមានរបស់គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនាពេលនេះ ជាការរួមចំណែកបន្តលើកកម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។
ការលើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងនៅក្នុងឱកាសសម្តេចបានអនុញ្ញាតឱ្យលោក ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានរដ្ឋសភា មានមោទកភាពនិងរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពីណៃ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងវិបុលភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿយ៉ាងឆាប់រហ័ស។
សម្តេចមានជំនឿថាក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ដែលមានលោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស, លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ, លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព របស់មិត្តវៀតណាម លើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
លោក ឡេ ហាយជុង បានគោរពជម្រាបជូន សម្ដេចប្រធានរដ្ឋសភា ពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជនធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។
លោកបានសម្ដែងនូវការអបអរសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ដែលផ្តល់ឱកាសកាន់តែល្អប្រសើរ នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត។
ជាមួយគ្នានេះ ប្រធានគណៈប្រតិភូបានអបអរសាទរដែលកម្ពុជា បានរៀបចំការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នាពេលថ្មីៗនេះប្រកបដោយជោគជ័យ៕