(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ក្នុងរាជធានីភ្នំពេញ ចំនួន២ទីតាំងទៀត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បើតាមកម្មវិធីដែលបានព្រាងទុក នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ខាងមុខ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសទាំង២ទីតាំងនេះ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស២ទីតាំងថ្មីនេះតែម្តង។
សូមបញ្ជាក់ថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ គឺ៖
ទី១៖ សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។
ទី២៖ សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាស១ទៀតដែរ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វាផងដែរ។ បូករួមទាំងគម្រោងស្ពានអាកាស២ទៀតខាងលើនេះ រាជធានីភ្នំពេញ នឹងមានស្ពានការសរុប៩ ឆាប់ៗនេះ៕