(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមស្រុកមួយចំនួននៅក្នុងខេត្តព្រះវិហារ។
ឈរលើទស្សនៈចុះដល់ជួយត្រូវ និងមានប្រសិទ្ធភាព លោកទេសរដ្ឋមន្ត្រី គន់ គីម មិនដែលសំចៃកម្លាំងនោះឡើយ ក្នុងការចុះទៅកាន់កន្លែងពលរដ្ឋជួបគ្រោះមហន្តរាយក្នុងនាមជាសេនាធិការផ្ទាល់របស់សម្តេចតេជោ លើការងារគ្រោះមហន្តរាយ។ ក្នុងដំណើរចុះទៅកាន់ខេត្តព្រះវិហារនៅថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី រួមនិងក្រុមការងារ ក៏ដូចជាអាជ្ញាធរក្នុងខេត្តព្រះវិហារ បានធ្វើដំណើរចុះទៅកាន់កន្លែងជន់លិចមួយចំនួន ហើយក៏បានជួបសាកសួរពលរដ្ឋពីការលំបាក និងផលប៉ះពាល់របស់ពួកគាត់ផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឆ្លៀតនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះ ហើយចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យរូបលោកត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ។ នៅក្នុងដំណើរចុះពិនិត្យការជន់លិច និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំអាជ្ញាធរឱ្យស្រង់ទិន្នន័យផលដំណាំសន្ទូងស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គិតត្រឹមវេលាមម៉ោងប្រមាណ ២រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់នៅគ្រប់ក្រុង ស្រុក មានកម្រិតពី ៤មិល្លីម៉ែត្រ ទៅ ៤៥មិល្លីម៉ែត្រ។ ក្នុងនោះអាងទឹករក្សា មានកម្ពស់ ៤៣.៦០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ ០.១០ម៉ែត្រ។
ដោយឡែកកម្ពស់ទឹកស្ទឹងសែន នៅទីរួមខេត្តមានកម្ពស់ ១០.៩០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ ០.០២ម៉ែត្រ ដែលកម្រិតកម្ពស់ទឹកប្រកាសអាសន្ន ១១.៥០ម៉ែត្រ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានស្រកពីឃុំស្រអែម ទៅជន់លិចនៅឃុំកន្ទួត ស្រុកជាំក្សាន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់នៅភូមិស្រអែមខាងត្បូង ហៅភូមិ ប្រាសាទ១០។ ប្រជាជនទៅជុំវិញទីសុវត្ថិភាព ដែលមានកម្ពស់ ៣ម៉ែត្រពីទឹក មានប្រមាណ ៦៩គ្រួសារ ស្មើនឹង ២៩៦នាក់/១៥៤ស្រី។ ក្នុងនោះបានជម្លៀស ១១គ្រួសារ ស្មើនឹង ៥២នាក់/ស្រី១៥ មកវត្តស្រអែម។
ដោយឡែកក្រុង-ស្រុកចំនួន០៧ទៀត ពុំទាន់មានផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅឡើយ ប៉ុន្តែកម្លាំងអន្តរាគមន៍ជួយសង្គ្រោះ បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងភូមិសាស្រ្តរៀងខ្លួនៗ។
លោក គីម រិទ្ធី បានបញ្ជាក់ថា លោកបានដឹកនាំបញ្ជានៅទីតាំងផលប៉ះពាល់ជាក់ស្តែង រួមជាមួយជាមួយកម្លាំងអន្តរាគមន៍សង្រ្គោះ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត៕