(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានចាប់ខ្លួនអ្នករកស៉ីជួញដូរមនុស្សប្រមាណ ៦០នាក់ និងសង្គ្រោះមនុស្សជាង ៦០០នាក់។ នេះបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

ថ្លែងក្រោយជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា បទល្មើសទាំងនេះត្រូវបានរកឃើញនៅខេត្តព្រះសីហនុ កណ្តាល កោះកុង បន្ទាយមានជ័យ ស្វាយរៀង និងរាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «៧ខែនេះ អាជ្ញាធរកម្ពុជា បានបង្ក្រាបអំពើជួញដូរមនុស្ស ៧៤ករណី ហើយបានចាប់ខ្លួនជនជាតិចិន ម៉ាឡេស៉ី វៀតណាម និងជនជាតិខ្មែរ ៦០នាក់ បញ្ជូនទៅតុលាការ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សខុសច្បាប់»

លោកស្រី ជូ ប៊ុនអេង ថា ជនសង្ស័យទាំងនេះ បានបោកបញ្ឆោតជនរងគ្រោះពីប្រទេសផ្សេងៗ ចូលមកប្រទេសកម្ពុជា ដោយសន្យាឲ្យធ្វើការទទួលបានប្រាក់កម្រៃច្រើនជាដើម។ លោកស្រីបន្ថែមថា អាជ្ញាធរនៅតែដាក់ចិត្ដដាក់កាយប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងដ៏មានសុខុដុមរមា មិនមានបញ្ហាឧក្រិដ្ឋកម្មដ៏អាក្រក់បែបនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា។ ប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស៕