(ប៉ៃលិន)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោក អ៉ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំអនុប្រធានកិត្តិយសសាខា និងសមាជិក សមាជិកា ប្រធាន អនុប្រធានសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត​ យុវជន​កាកបាទក្រហមខេត្ត។

ពិធីនេះ មានការចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត យុវជនស.ស.យ.កខេត្ត យុវជនកាយរិទ្ធ ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៧ ព្រះវស្សា យាងចូល ៨៨ព្រះវស្សា។ ក្នុងពិធីក៏មាននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត​ ទៅវេរប្រគេនជូនព្រះសង្ឃនៅក្នុងវត្តរតនសោភ័ណ្ឌ (ហៅវត្តកោងកាង)។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីយ៍ថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕