(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី សមត្ថកិច្ចជំនាញបានរកឃើញ និងបង្ហាញមុខសកម្មជនក្រុមប្រឆាំង១៨នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»។

បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរក្សាភាពស្ងៀមស្ងាត់សម្រាប់ការបោះឆ្នោត រហូតមកពេលនេះ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងទៅបោះឆ្នោត សមត្ថកិច្ចបានធ្វើការតាមដានសកម្មភាពរបស់ក្រុមទុច្ចរិត ដែលមានចេតនាបង្កការញញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ មកដល់ពេលនេះសមត្ថកិច្ចបានរកឃើញ នូវមុខសញ្ញា និងភស្តតាងមួយចំនួនដែលសមគំនិតបំរើឧបាយកល ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគ្រុបតេឡេក្រាមឈ្មោះ «សប្បាយ» ធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត។

លោកបានបន្តថា ដោយអនុវត្តតាមច្បាប់បោះឆ្នោត និងក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តនូវបទល្មើសខាងលើ នឹងត្រូវប្រឈមចំពោះការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់តាមបទល្មើសជាក់ស្តែង។

ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំជឿតាមការញុះញង់របស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ០៣ជំនាន់ទៅប្រព្រឹត្តទង្វើផ្ទុយច្បាប់ ហើយសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតាមឆន្ទៈរៀងៗខ្លួន ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគ្មានការគំរាមកំហែង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំង១៨នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»៖