(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជនជាតិជប៉ុន ម៉ាណាប៊ុ អូកាវ៉ាដា (Dr. Manabu Okawada) ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដែលមកធ្វើការនៅកម្ពុជារយៈពេល៧ឆ្នាំ បានអះអាងថា វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យា។

ការថ្លែងការកោតសរសើររបស់លោកវេជ្ជបណ្ឌិតជនជាតិជប៉ុន ម៉ាណាប៊ុ អូកាវ៉ាដា ក្នុង​ឱកាសរំលឹកខួប​៧ឆ្នាំ​នៃការបង្កើត​មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញកាលពីចុងសប្ដាហ៍នេះ។

ទន្ទឹមនឹងនោះលោកក៏លើកឡើងថា ចំណុចចំនួន ២ ដែលធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត គឺការអភិវឌ្ឍចំ​ណេះដឹង ពង្រឹងសមត្ថភាព បច្ចេកទេសឬចំណេះដឹងបន្ថែមទៀតទៅ​លើជំងឺថ្មីៗ ​និងការផ្តល់​សេវាកម្ម សំដៅការទំនាក់ទំនងអ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺឱ្យបានល្អ ពោលចាត់ទុកពួកគាត់ជាក្រុមគ្រួសារ​តែមួយដើម្បីឱ្យ​ពួកគាត់​មា ​ភាពកក់ក្តៅពេលមកទទួលសេវាព្យាបាល ហើយការងារទាំងនេះនៅមន្ទីរពេទ្យជប៉ុនសាន់រាយបានធ្វើរួចហើយ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ខេយ៉ា កាម៉ាតៈ (Keiya Kamata) នាយកប្រតិបត្តិនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ ក៏​បានលើកឡើងផងដែរថា ​«៧ឆ្នាំមកនេះវិស័យសុខាភិបាលកម្ពុជា​មានការរីក​ចម្រើន​ពិសេសបុគ្គលិកសុខាភិបាល មានការផ្លាស់ប្តូរ និងជំរុញខ្លួនឯងស្របទៅតាមបច្ចេកវិទ្យាថ្មីៗនៃការវិវត្តន៍របស់ជំងឺ និងការព្យាបាលរួមទាំងមានការបំពាក់សម្ភារៈទំនើបៗជាច្រើននៅតាមមន្ទីរពេទ្យនានា»

ទាក់ទងនឹងមន្ទីរពេទ្យសាន់រ៉ាយលោក កាម៉ាតៈ បានឱ្យដឹងថា «បច្ចុប្បន្នយើងមានមជ្ឈមណ្ឌលធំៗចំនួន២ទី១មន្ទីរពេទ្យពេទ្យជប៉ុនសាន់រ៉ាយ ភ្នំពេញស្ថិតនៅជ្រោយចង្វារ​ និងទី២មជ្ឈមណ្ឌល​សាន់រាយ​សែនសុខនៅផ្សារទំនើបអ៊ីអន២ ដោយមានសេវាកម្មជាច្រើនដូចជា មជ្ឈមណ្ឌលជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រព័ន្ធប្រសាទ ផ្នែកខួរក្បាល ក្រពះពោះវៀន ជំងឺមហារីក ជំងឺកុមារ សម្ភពរោគស្ដ្រី និងការឆែកសុខភាព»

លោកបានប្តេជ្ញាថា មន្ទីរពេទ្យនឹងខិតខំពង្រឹងគុណភាពឱ្យបានកាន់តែល្អប្រសើរដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅស្រុកខ្មែរឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ ការផ្តោតលើសេវាថែទាំវេជ្ជសាស្ត្រស្របតាមស្តង់ដារជប៉ុន និងការព្យាបាលដោយចាត់ទុក​អ្នកជំងឺ​ជាអាទិភាព គឺបានអភិវឌ្ឍខ្លួនក្លាយទៅជាមន្ទីរពេទ្យពហុជំនាញ ដែលមានក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាកក៏ដូចជាបុគ្គលិកមកពីគ្រប់ផ្នែកទាំង​អស់ បានខិត​ខំ​ព្យាយាមផ្តល់ការ​ថែទាំ​សុខភាពដ៏អស្ចារ្យបំផុត ដល់ប្រជាជនកម្ពុជា។

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ម្តុំជ្រោយចង្វារ កាលពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ បានប្រារព្ឋខួបគម្រប់៧ ឆ្នាំនៃការបើកដំណើរការរបស់ខ្លួន​​ដោយមានរៀបចំកម្មវិធីជាច្រើនដូចជាសិក្ខាសាលាអំពី ការសង្គ្រោះបឋមនៃជំងឺស្ត្រូក ស្លាក់ ការកើនឡើងកម្តៅ, ការយល់ដឹងអំពីជំងឺស្ត្រូក, មេរោគក្រពះ និងផលប៉ះពាល់, ការស្តារ​កាយនិតី​សម្បទារ សម្រាប់អ្នកជំងឺក្រោយដាច់ឬស្ទះសរសៃឈាមខួរក្បាល ព្រមទាំងសកម្មភាពជាច្រើនទៀត។

ក្នុងឆ្នាំ២០១៤ ដំណើរការសាងសង់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានចាប់ផ្តើម, ក្នុងអំឡុងពេលសាងសង់នេះ​ក៏បានបញ្ជូនក្រុមវេជ្ជបណ្ឌិតគិលានុបដ្ឋាក​ ក៏ដូចជាបុគ្គលិកមកពីគ្រប់​ផ្នែកទាំងអស់​ដែលនឹងត្រូវចូលរួមក្នុងប្រតិបត្តិការរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ទៅទទួលការបណ្ដុះបណ្ដាលបន្ថែមនៅ​មន្ទីរពេទ្យនៅប្រទេសជប៉ុន ដើម្បីធានាបានរាល់​សេវាកម្ម​ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជា គឺស្របតាមគុណភាពវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុន។

នៅឆ្នាំ២០១៦ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញមានមជ្ឈមណ្ឌលចំនួន ៤ ​សម្រាប់ព្យាបាលជូនអ្នកជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យ រួមមាន៖ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ មជ្ឈមណ្ឌលវះកាត់ប្រព័ន្ធប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាល, មជ្ឈមណ្ឌលព្យាបាលសរីរាង្គរំលាយអាហារ, មជ្ឈមណ្ឌលជំងឺទូទៅ និងពិនិត្យសុខភាព និងសេវាមួយចំនួនទៀតដូចជា ផ្នែកអមរូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ ផ្នែកស្ដារកាយនិតិសម្បទារ ផ្នែកឱសថសាស្រ្ត បន្ទប់វះកាត់ ២បន្ទប់ (ICU & HCU) គ្រែចំនួន៥០ រថយន្តសង្គ្រោះបន្ទាន់ចំនួន២ រួមជាមួយគ្រឿងបរិក្ខារទំនើបៗស្ដង់ដារខ្ពស់មានដូចជា ម៉ាស៊ីន X-Ray, CT, MRI, Angiography។

មន្ទីរពេទ្យសាន់រ៉ាយស៍ ទទួលបានទំនុកចិត្ត និងការគាំទ្រពីសំណាក់អ្នកជំងឺចាប់តាំងពីថ្ងៃបើកដំណើរការមក។ កត្តាទាំងអស់នេះបានផ្តល់​ជាកម្លាំងចិត្តជំរុញឱ្យការខិតខំប្រឹងប្រែងបន្ត ដោយប្រកាន់ខ្ជាប់​នូរគោលការណ៍ និងការសន្យាទាំង៤ (4Ps)៖ ការព្យាបាលដែលចាត់ទុកអ្នកជំងឺជាអាទិភាព, ការពិនិត្យនិងធ្វើរោគវិនិច្ឆ័យឆាប់រហ័ស, ការថែទាំព្យាបាលឲ្យបានខ្ជាប់ខ្ជួន និងការពន្យល់យ៉ាងក្បោះក្បាយពីស្ថានភាពជំងឺ ជូនចំពោះអ្នកជំងឺ និងគ្រួសារ។

នៅឆ្នាំ២០១៨ មជ្ឈមណ្ឌលកុមារបានចាប់ផ្តើមបម្រើជូនអ្នកជំងឺបន្ថែមពីលើមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលមាន។ ដើម្បីឱ្យការមានសេវាថែទាំពេញលេញ​សម្រាប់មនុស្សគ្រប់វ័យ នៅខែកញ្ញា ឆ្នាំ២០២០ មន្ទីរពេទ្យបានបើកផ្នែករោគស្រ្តី និងផ្នែកសម្ភពក្នុងខែវិច្ឆិកាឆ្នាំដដែល។

សមិទ្ធិផលថ្មីចុងក្រោយនាពេលនេះរបស់មន្ទីពេទ្យ គឺការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉ាយស៍ សែន សុខ នាខែមេសា ឆ្នាំ២០២៣កន្លងទៅ ដើម្បីផ្តល់នូវការការពារសុខភាពលោកអ្នកការព្យាបាលជំងឺទូទៅក្នុងដំណាក់កាលដំបូង និងអន្តរាគមទាន់ពេលនៃជំងឺផ្សេងៗ មុននឹងជំងឺនោះឈានដល់ដំណាក់កាលស្រួចស្រាល់ដែលអាចគំរាមកំហែង​ដល់អាយុជីវិត៕