(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីនមួយរូប បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Rodrigo Duterte បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការស៊ើបអង្កេត លើករណីសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹង ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។
ការលើកឡើងរបស់ផ្នែកលេខាធិការទំនាក់ទំនងព័ត៌មាន នៃខុទ្ទការល័យប្រធានាធិបតីហ្វីលីពីន លោក Martin Andanar ខាងលើនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសម្ដែងក្ដីព្រួយបារម្ភ ពីសំណាក់ សហភាពអឺរ៉ុបស្ដីពីការកើនឡើង នៃការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនៅហ្វីលីពីន។ លោក Andanar បានលើកឡើងថា «ការ សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការមិនមែនជា គោលនយោបាយ របស់រដ្ឋាភិបាលនោះឡើយ»។
«មួយវិញទៀត រដ្ឋាភិបាលក៏នឹងមិនអត់ឱនឱ្យដែរ រាល់ទង្វើមនុស្សឃាតក្រៅប្រព័ន្ធតុលាការ ហើយយើងនឹងធ្វើការស៊ើបអង្កេតក្នុង គោលបំណងនាំយកឧក្រិដ្ឋជនមកកាត់ទោសតាមច្បាប់ »។ នេះបើតាមការអះអាងរបស់លោក Andanar ដោយបានបន្ថែមទៀតថានៅក្នុងឆ្នាំនេះ រដ្ឋាភិបាល ហ្វីលីពីន នឹងសាងសង់ មជ្ឈមណ្ឌលស្ដារនិតិសម្បាទាចំនួនបួនកន្លែង ក្នុងនោះមជ្ឈមណ្ឌលពីរត្រូវ សាងសង់នៅកោះ Luzon មួយនៅលើកោះ Visayas និង មួយទៀតនៅឯកោះ Mindanao។
គួរបញ្ជាក់ថា គិតចាប់តំាងពីលោក Duterte ស្បថចូលកាន់ដំណែងជាប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែមិថុនា នោះ មានអ្នកប្រើប្រាស់គ្រឿងញៀន ជាង ៧០០,០០០នាក់ បានប្រគល់ខ្លួនឱ្យអាជ្ញាធរ ខណៈ ជនសង្ស័យជួញដូរគ្រឿងញៀន ៣,៥០០ នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងប្រតិបត្តិការ ដោយប្រើកណ្ដាប់ដៃដែក របស់លោក Duterte អំឡុងពេលតែ ១០សប្តាហ៍ប៉ុណ្ណោះ៕