(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកបាកាន នៃខេត្តពោធិ៍សាត់ ចំនួន០២រូប។
ពិធីប្រកាសចូលកាន់មុខតំណែងខាងលើនេះ ត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបាកាន ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
យោងអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល លេខ៨០៨ អនក្រ.តត ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានសម្រេចផ្ទេរភារកិច្ចលោក ឆាយ គឹមម៉ុង ពីអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកបាកាន។
ជាមួយគ្នានោះ យោងប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ លេខ៤៥០១ ប្រក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្រេចតែងតាំង លោក រឿន តុលា ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ២ នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតមូលដ្ឋាន ឱ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាស្រុកបាកាន ខេត្តពោធិ៍សាត់៕