(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា គម្រោងបាតុកម្មថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលមិនអាចកើតមានបាន គឺជាបរាជ័យមួយថ្មីទៀតរបស់ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ដែលចង់បញ្ឆេះកំហឹងយុវជន ឱ្យផ្តួលរំលំរាជរដ្ឋាភិបាល។
លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ផែនការបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលបំផុសបំផុលដោយក្រុមប្រឆាំងនៅក្រៅប្រទេស គឺមានក្បាល២ផ្សេងគ្នា ទី១៖ ក្បាល១ នៅបរទេស និងទី២៖ ក្បាល១ នៅក្នុងប្រទេស សម្លឹងឃើញផលប្រយោជន៍ផ្សេងគ្នា។ សម្រាប់អ្នកដែលលាក់របៀបវារៈនយោបាយនៅពីក្រោយខ្នង មិនបានប្រាប់ មិនបានបញ្ជាក់ច្បាស់ដល់អ្នកដែលចូលរួមទាំងអស់ ឱ្យយល់ពីរបៀបវារៈរួមជាមួយគ្នាទេ។
ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះ៖ «អ្នកនៅខាងក្រៅស្រុកគាត់សម្លឹងឃើញប្រយោជន៍ផ្សេង ដោយដឹងច្បាស់ថាមិនអាចធ្វើអ្វីបានទេ ពីព្រោះយើងដឹងថា មេដឹកនាំប្រឆាំងធំនៅក្រៅស្រុកគឺលោក សម រង្ស៉ី ធ្វើផែនការជាច្រើនដងហើយ ប៉ុន្តែមិនដែលទទួលបានជោគជ័យ ប៉ុន្តែអ្វីដែលទទួលបានគឺការំលេចសកម្មភាពប្រឆាំងរបស់គាត់»។
លោកបានបន្តថា៖ «ផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ គឺជាការបរាជ័យរបស់ក្រុមប្រឆាំង តែការប្រកាសធ្វើបាតុកម្ម គឺដើម្បីភាគលាភនយោបាយប៉ុណ្ណោះ»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងថា សម្រាប់ក្រុមអ្នកប្រឆាំងនៅក្នុងស្រុកដែលលង់ជឿតាមការញុះញង់របស់មេប្រឆាំងក្រៅស្រុក (សម រង្ស៉ី) គឺមិនពួកគាត់មិនបានយល់ពីភាគលាភនយោបាយរបស់អ្នកប្រឆាំងក្រៅស្រុកនោះទេ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា អ្នកដែលចូលរួមក្នុងចលនាប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ គឺមិនបានយល់ច្បាស់ពីសច្ចភាពកិច្ចសហប្រតិបត្តិការអន្តរជាតិនោះទេ មានន័យថា ក្រុមអ្នកដែលជឿលើការអុជអាល់ពីសំណាក់មេប្រឆាំងក្រៅស្រុក ចេះតែធ្វើដើម្បីបំពេញអារម្មណ៍របស់ខ្លួន អារម្មណ៍ឈឺចាប់ចំពោះទឹកដីដែលធ្លាប់បាត់បង់ទៅប្រទេសជិតខាង តាមទិដ្ឋភាពប្រវត្តិសាស្ត្រជាដើម។
«អារម្មណ៍ឈឺចាប់ចំពោះទឹកដី អីចឹងអ្នកនយោបាយបានបញ្ឆេះកំហឹងនេះឡើង ដោយបូកបញ្ចូលការកាត់ទឹកដី៤ខេត្តជាដើម តែការពិតមិនអាចមានរឿងអីចឹងកើតឡើងនោះទេ គោលដៅចម្បងរបស់អ្នកនៅខាងក្រោយខ្នង អ្នកលាក់របៀបវារៈនយោបាយពីក្រោយខ្នង គឺការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ អ្នកនយោបាយនៅក្រៅស្រុកគាត់តែងតែបញ្ឆេះប្រៀបធៀបជាមួយបង់ក្លាដែស បញ្ឆេះប្រជាពលរដ្ឋឱ្យចូលរួមជាមួយសកម្មភាពដំបូងឱ្យដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV តែនៅពេលពលរដ្ឋចូលភ្នំពេញ ណែនតាន់តាប់នោះអ្នកនយោបាយនឹងដំឡើងរបៀបវារៈទម្លាក់រដ្ឋាភិបាលតែម្តង»។
លោកបណ្ឌិត បានបង្ហាញការយល់ឃើញថា របៀបវារៈរបស់អ្នកនយោបាយនៅក្រៅស្រុកបានបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យចូលរួមសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ គឺជារឿងគ្រោះថ្នាក់សម្រាប់ក្រុមអ្នកគាំទ្រ ដោយសារពួកគាត់បានបាញ់បោកកលល្បិចរបស់អ្នកនយោបាយទុច្ចរិត ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល មិនបានបកស្រាយឱ្យលម្អិតពីផែនការរបស់ខ្លួនដល់អ្នកគាំទ្រ។
លោកថា «រដ្ឋាភិបាលដាច់ខាតមានកាតព្វកិច្ចការពារសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ប្រសិនបើរដ្ឋាភិបាលការពារមិនបាន នេះទើបជាកំហុស ពីព្រោះនៅពេលបញ្ហាទំជោរ ស្ថានភាពទំជោរ គ្រប់គ្រងមិនបាន រដ្ឋាភិបាលទើបចេញអន្តរាគមន៍ពេលនោះ មានការបង្ហូរឈាមជាដាច់ខាត យើងមើលបទពិសោធន៍ដែលធ្លាប់កើតមាននៅឆ្នាំ២០១៣ គឺមានការបង្ហូរឈាម ពីព្រោះដើម្បីគ្រប់គ្រងស្ថានភាពបានត្រូវចេញប្រតិបត្តិការអនុវត្តច្បាប់។ អីចឹងរដ្ឋាភិបាល ត្រូវតែអនុវត្តច្បាប់ការពារស្ថិរភាពសង្គម ការពាររដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ ស្ថាប័នជាតិទាំងឡាយដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ១៧លាននាក់ ដែលត្រូវការសុខសន្តិភាព»។
លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ត្រូវតែមានកាតព្វកិច្ចជាចាំបាច់អនុវត្តច្បាប់ ដើម្បីការពារសន្តិសុខ ធានាសណ្តាប់ធ្នាប់សង្គមជាតិឱ្យបាន បើធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គមមិនបាន គឺជាកំហុសរបស់រាជរដ្ឋាភិបាល។ ដូច្នេះ សារនយោបាយរបស់ក្រុមប្រឆាំង គឺជាសារដែលមានលក្ខណៈដុតរោលបញ្ឆេះ ហើយរាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវតែគ្រប់គ្រង និងទប់ទល់នឹងស្ថានការណ៍ តាមរយៈបុរេសកម្មរបស់ខ្លួននៅក្នុងការត្រៀមលក្ខណៈទុកជាមុននៅក្នុងការអនុវត្តច្បាប់ ដើម្បីធានាសុខសុវត្ថិភាព សន្តិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងនាមជាអ្នកដឹកនាំប្រទេស៕