(ភ្នំពេញ)៖ លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា សិក្ខាសាលាស្តីពី «បរិវត្តកម្មឌីជិថលក្នុងយុទ្ធសាស្រ្តគាំពារសង្គមនៅក្នុងប្រព័ន្ធសេវាថែទាំ» ក៏ដូចជា គម្រោងអភិវឌ្ឍន៍សមត្ថភាពវិទ្យាស្ថានជាតិសង្គមកិច្ចនាពេលនេះ ដើម្បីពង្រឹងកិច្ចគាំពារសង្គមនៅកម្ពុជា ក៏ដូចជាលើកកម្ពស់គុណភាពជីវិត ការអប់រំ និងបណ្តុះបណ្តាល និងសេវាថែទាំនៅកម្ពុជា។
លោកបន្តថា សិក្ខាសាលានេះ គឺជាសកម្មភាពថ្មីមួយទៀត ក្នុងការប្រមូលមតិយោបល់ ស្វែងរកការឯកភាពរួមគ្នាមួយទៅលើការអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុងបរិវត្តកម្មឌីជីថល ក្នុងយុទ្ធសាស្រ្តគាំពារសង្គមនៅក្នុងប្រព័ន្ធសេវាថែទាំ។
ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាស្តីពី «បរិវត្តកម្មឌីជីថលក្នុងយុទ្ធសាស្រ្តគាំពារសង្គមនៅក្នុងប្រព័ន្ធសេវាថែទាំ» នៅវិទ្យាស្ថានជាតិសង្គមកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ សិក្ខាសាលានេះ រៀបចំឡើងដោយ សមាគមផ្សព្វផ្សាយកូរ៉េ និងអ្នកប្រកបរបរទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន ឋានន្តរ វរ័ន្ម ឌីជីថល ២១ ឯ.ក។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសង្គមកិច្ច ជាគ្រឹះស្ថានជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានបេសកកម្មសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍផ្នែក សង្គមកិច្ច ក្រោមការចង្អុលបង្ហាញពីលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លើគោលនយោបាយអភិវឌ្ឍវិស័យសង្គមកិច្ច តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសង្គមកិច្ច និងវិស័យផ្សេងទៀតដោយ ភ្ជាប់នឹងតម្រូវការរបស់សង្គមជាតិ ឱ្យកាន់តែមានគុណភាពក្នុងការផ្តល់សេវាសង្គមកិច្ចជូនប្រជាពលរដ្ឋកាន់តែ មានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។
ទន្ទឹមនឹងនេះ ក៏មានបេសកកម្មជាច្រើនទៀតលើការគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈរយៈពេលខ្លី ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង សហការជាមួយអង្គភាព ពាក់ព័ន្ធផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី ការបើកវគ្គផ្សព្វផ្សាយ និងសិក្ខាសាលា តាមជំនាញនានា ក្រៅពីនេះយើងក៏មានការរៀបចំវគ្គបណ្តុះបណ្តាល ចំណេះជំនាញជូនដល់បុគ្គលិកអង្គការដៃគូរ ដែលផ្តល់សេវាសង្គមកិច្ចដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
បរិវត្តកម្មឌីជីថលបាននិងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក៏ដូចជាចូលរួមរក្សាតុល្យភាព និងលំនឹង ជីវភាពរបស់ពលរដ្ឋ ដោយអាចធានាបាននូវសន្តិសុខប្រាក់ចំណូល, កាត់បន្ថយ និងទប់ស្តាត់ភាពក្រីក្រ, ភាពងាយ រងគ្រោះ និងវិសមភាព ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ច។
ផែនការសកម្មភាពអប់រំឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលកំណត់ចក្ខុវិស័យដែលមានគុណភាពខ្ពស់ ដូចនេះ NISA មានគោលបំណងស្នើសុំការគាំទ្រដល់ការសម្របខ្លួននៃប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលទៅកាន់យុគសម័យ ឌីជីថលថ្មីនេះ ដើម្បីជំរុញអក្ខរកម្មឌីជីថល លើការងារការបណ្តុះបណ្តាលតាមប្រព័ន្ធOnline ដោយបង្កើត មជ្ឈមណ្ឌលអប់រំឌីជីថល នៅNISA៕