(តាកែវ)៖ នៅក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ដែលសមាគមបានលើកឡើង និងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្ត។
លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានស្នើសុំឲ្យលោកឧកញ៉ា តាំង លាក់ហាវ បន្តជួយកៀរគរអ្នកវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើងនៅលើទឹកដីខេត្តតាកែវ ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។
គួបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយលោកអភិបាលខេត្តតាកែវ វ៉ី សំណាង, លោកឧកញ៉ា តាំង លាក់ហាវ បានសម្ដែងការអបរអសាទរចំពោះលោក វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបានស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយសម្របសម្របសម្រួលដល់សមាគម ក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទីលើផ្ទៃដី៣២ហិតា ហើយលោកបានសន្យាថា នឹងប្រឹងប្រែងធ្វើការកៀរគរអ្នកវិនិយោគឲ្យមកបើករោងចក្រ កាន់តែច្រើន ថែមទៀតនៅលើទឹកដីខេត្តតាកែវដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើង។
នៅក្នុងឱកាសនោះ តាងនាមសមាគមពាណិជ្ជកម្មចិនឆោសាន លោកឧកញ៉ា តាំង លាក់ហាវ បានផ្ដល់អង្ករចំនួន១០តោន ទឹកបរិសុទ្ធចំនួន៥រយកេះ និងថវិកាចំនួន១០លានរៀល សម្រាប់រដ្ឋបាលខេត្តតាកែវ សម្រាប់យកទៅប្រើប្រាស់ និងចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលជួបការលំបាក៕